(កំពង់ឆ្នាំង)៖ អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា ការងារចាំបាច់ចំពោះមុខដែលត្រូវយកចិត្តទុកដាក់បំផុតនោះ គឺការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងខ្វះទឹកស្រោចស្រព ក្នុងភូមិសាស្ត្រស្រុកបរិបូរណ៍ ស្រុករលាប្អៀរ និងស្រុកកំពង់លែង។

នៅស្រុកបរិបូរណ៍ និងស្រុករលាប្អៀរ លោកបានប្រឹងប្រែងជីកនិងស្តាប្រឡាយបង្ហូរទឹកយកមកស្រោចស្រពស្រូវប្រាំងរបស់ប្រជាពលរដ្ឋបានមួយចំនួនធំហើយ។
ដោយឡែក នៅស្រុកកំពង់លែងដែលកំពុងខ្វះខាតទឹកដែរនោះ គឺភូមិសាស្ត្រទីនោះកំពុងជួបបញ្ហាលំបាកក្នុងការនាំទឹកពីទន្លេយកមកស្រោចស្រព ដោយសារតែស្រុកកំពង់លែងភូមិសាស្ត្រមួយចំនួន ទីតាំងដីខ្ពស់ខ្លាំងជាងនីវ៉ូទឹកទន្លេ ដែលនាំឱ្យមានការលំបាកក្នុងការជីកប្រឡាយនាំទឹកឡើង យកមកស្រោចស្រពស្រូវបានងាយស្រួលដូចនៅតាមបណ្ដើរភូមិសាស្ត្រស្រុផ្សេងៗ។ តែទោះជាយ៉ាងនេះក្តី ក៏លោកអភិបាលនៅតែរិះរកគ្រប់មធ្យោបាយធ្វើយ៉ាងណាធានាឱ្យបាននូវការនាំទឹក ដើម្បីយកមកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋឱ្យបានផងដែរ។

លោកអភិបាលខេត្តបានបែងចែកភារកិច្ចដល់លោកអភិបាលរងខេត្តជាច្រើនរូប និងបណ្តាអង្គភាពមន្ទីរពាក់ព័ន្ធមួយចំនួន ដោយបែងចែកកម្លាំងចុះទៅតាមបណ្ដាភូមិសាស្ត្រស្រុកទាំង៣ខាងលើនេះ ដើម្បីសហការជាមួយអាជ្ញាធរស្រុក និងឃុំចុះពិនិត្យទីតាំងប្រឡាយចាស់ៗ ដែលត្រូវស្ដារនាំទឹកយកមកសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋកុំឱ្យក្រៀមស្វិតទាន់។ ដំណាំស្រូវដែលបានក្រៀមស្វិតហើយនោះធ្វើយ៉ាងណាឲ្យរស់ឡើងវិញ។

ជាក់ស្ដែង នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកអភិបាលខេត្តបានចាត់ឱ្យលោក សាន់ យូ អភិបាលរងខេត្ត និងអាជ្ញាធរស្រុកកំពង់លែង បានចុះពិនិត្យការជីកនិងស្ដាប្រឡាយមេមួយខ្សែមានប្រវែង៤៥០ម៉ែត្រ ដើម្បីនាំទឹកយកមកស្រោចស្រពដំណាំស្រូវរបស់ប្រជាពលរដ្ឋជាង៥០០ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំត្រងិល ស្រុកកំពង់លែង។

លោកអភិបាលរងខេត្តក៏បាននាំយកប្រេងម៉ាស៊ូតចំនួន២០០លីត្រ សារុង ក្រមាមួយចំនួន ជាអំណោយរបស់លោកអភិបាលខេត្តចែកជូនដល់ប្រជាកសិករជាម្ចាស់ស្រែកំពុងនាំទឹកបញ្ចូលស្រែរបស់ពួកគាត់នៅទីនោះផងដែរ៕