(ស្វាយរៀង)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ ដែលបង្កដោយរថយន្ដស៊េរីទំនើប ម៉ាក Lexus 570 បានបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ និងកូនតូច២នាក់ស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម ពេលកំពុងជិះទៅយកប្រពន្ធចេញពីធ្វើការរោងចក្រ។

ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ  ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

រថយន្ដបង្កដែលបើកបរដោយជនជាតិចិននេះ ប្រភេទ Lexus 570 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AQ-5833 ខណៈម៉ូតូជនរងគ្រោះម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1L-8457។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយបុកម៉ូតូបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ក្នុងថ្លុកឈាម អ្នកបើកបរជាជនជាតិចិន បានរត់គេចខ្លួនបាត់ ប៉ុន្ដែក្រោយមកសមត្ថកិច្ចដេញតាមចាប់ខ្លួនបានមកវិញ។

ដោយឡែក ប្រភពព័ត៌មានផ្សេងទៀត បានអះអាងថា ដើមចមដែលបណ្ដាលឲ្យរថយន្ដបុកម៉ូតូ គឺដោយសារកត្ដាប្រើប្រាស់ល្បឿនលឿន ហើយវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។

បច្ចុប្បន្នទាំងរថយន្ដ និងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី ខណៈសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕