(ភ្នំពេញ)៖ មជ្ឈមណ្ឌលកម្ពុជា ៤.0 សហការជាមួយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០ រដូវកាលទី៤ ក្រោមអធិបតីភាពរបស់លោក អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

កម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០ គឺជាកម្មវិធីដែលអនុញ្ញាតឲ្យយុវជនអាចធ្វើលំហាត់ការគិត និងចែករំលែកទស្សនៈលើប្រធានបទទាក់ទងនឹងនវានុវត្តន៍, ការវិវត្តនៃបច្ចេកវិទ្យា, ការរួមចំណែករបស់បច្ចេកវិទ្យានៅក្នុងវិស័យសេដ្ឋកិច្ច សង្គម និងការត្រៀមខ្លួនរបស់យុវជននៅក្នុងយុគសម័យឌីជីថល។

សម្រាប់រដូវកាលនេះ កម្មវិធីប្រកួតប្រជែងផ្តោតលើប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្ត និងសុខុមាលភាព» ដោយតម្រូវឲ្យបេក្ខជនចូលរួមធ្វើការសិក្សាស្រាវជ្រាវ និងចែករំលែកគំនិតលើសារៈប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជួយដល់សុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់ប្រជាជន។

បន្ទាប់ពីរយៈពេល ២ សប្តាហ៍នៃការបើកទទួលពាក្យស្នើសុំ និងបទបង្ហាញ កម្មវិធីទទួលបានបេក្ខជនចូលរួមចំនួន ១០៥ រូប ហើយក្នុងនោះក្រុមការងារបានសម្រាំងយកបេក្ខជនឆ្នើមចំនួន ១០ រូប ដើម្បីធ្វើបទបង្ហាញជាសាធារណៈនៅវគ្គផ្តាច់ព្រ័ត្រជូនគណៈកម្មការទាំង ៤ រូប រួមមាន៖ ធម្មទានាចារ្យ ស៊ាង លាប អ្នកចិត្តសាស្រ្ត និងជាអ្នកសម្របសម្រួលគម្រោងនៃអង្គការចិត្តសង្គម អន្តរវប្បធម៌, លោក អ៊ុំ វ័ណថារិទ្ធ អ្នកជំនាញអភិវឌ្ឍធុរកិច្ចថ្មីចជាន់ខ្ពស់នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ», លោក លឹម តូនី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងកញ្ញា ថូ ម៉ូនីហ្សា អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលកម្ពុជា ៤.០។

ក្រោយពីការវាយតម្លៃដាក់ពិន្ទុនៅក្នុងវគ្គផ្តាច់ព្រ័ត្រ គណៈកម្មការបានសម្រេចផ្តល់ជ័យលាភីដល់បេក្ខជនដែលទទួលបានពិន្ទុខ្ពស់ជាងគេ៖ កញ្ញា នន្ទ កន្យានុត ជ័យលាភីលេខ ១ ទទួលបានពានរង្វាន់ មេដាយ និងទឹកប្រាក់រង្វាន់ចំនួន ១,៨ លានរៀល, កញ្ញា កេត មរកត ជ័យលាភីលេខ ២ ទទួលបានមេដាយ និងទឹកប្រាក់រង្វាន់ចំនួន ១,៤ លានរៀល និង លោក សារិន សមរៈ ជ័យលាភីលេខ ៣ ទទួលបានមេដាយ និងទឹកប្រាក់រង្វាន់ចំនួន ១ លានរៀល។ ទន្ទឹមនឹងនេះ កម្មវិធីក៏មានជាការប្រគល់លិខិតសរសើរ និងរង្វាន់លើកទឹកចិត្តជូនបេក្ខជនទាំង ៧ រូប ផ្សេងទៀត ដែលមិនទទួលបានជ័យលាភីផងដែរ។

មជ្ឈមណ្ឌលកម្ពុជា ៤.០ សូមថ្លែងអំណរគុណចំពោះដៃគូសហការ ជាពិសេសបេក្ខជនចូលរួមទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យកម្មវិធីប្រកួតប្រជែងនេះប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពជោគជ័យ៕