(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ បានប្រតិកម្មខ្លាំងៗទៅនឹងការរិះគន់ របស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដែលថា នៅក្នុងស្ថាប័នកងទ័ព ប៉ូលិសមិនមានតាំងរូបព្រះឆាយាល័ក្ខ បែរជាតាំងរូបអ្នករំដោះថ្ងៃ៧មករា។
លោកនាយឧត្តមសេនីយ៍រូបនេះ បានហៅការមានព្រះបន្ទូលរបស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិករបស់គណបក្សសង្រ្គោះជាតិ នាពេលនេះថា កំពុង «ព្រហើន» ដាក់អង្គភាពកងទ័ពនៅក្នុងប្រទេសកម្ពុជា ហើយនាយឧត្តមសេនីយ៍បញ្ជាក់ថា «កងទ័ពមានសិទ្ធិគ្រប់គ្រាន់ក្នុងការគោរព និងការពាររាជរដ្ឋាភិបាល ដូចគ្នាទៅនឹងស្ថាប័នព្រះមហាក្សត្រ»។
នាយឧត្តមសេនីយ៍ បានអះអាងយ៉ាងដូច្នេះថា «ខ្ញុំមិនខ្លាចក្រែងរឿងដាក់រូបថត ៧មករា រឿងព្រះមហាក្សត្រ គឺត្រូវតែគោរព ជាទីសក្ការៈដែលយើងខ្ញុំ ទាំងអស់គ្នាត្រូវតែគោរពត្រូវតែបូជា ប៉ុន្តែចំពោះអ្នកឯងមួយដែលជាស្តេចធ្វើនយោបាយ ខ្ញុំមិនស្តាប់អ្នកឯងទេ ហើយខ្ញុំមិនគោរពអ្នកឯងទេ ហើយខ្ញុំក៏មិនតាមអ្នកឯងដែរ អ្នកឯងត្រូវយល់ឱ្យច្បាស់ កុំព្រហើនជាមួយកងទ័ព»។
ប្រតិកម្មរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់រូបនេះ បានធ្វើឡើងបន្ទាប់ពី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូលថា នៅកម្ពុជាស្ថាប័នព្រះមហាក្សត្រ ពេលនេះកំពុងរងនូវការរំលោភបំពាន។ ព្រះអង្គច្បាស់ថា ស្ថាប័នប៉ូលិស ទាហាន នីមួយៗ រៀលរាល់ថ្ងៃនេះ ពុំបានតាំងរូប ព្រះឆាយាល័ក្ខនៅក្នុង អង្គភាពរបស់ខ្លួនទេ ប៉ុន្តែបែរជាតាំងរូបថត៧មករាទៅវិញ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូល នៅក្នុងវេទិការបស់គណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះថា «វាបំពានដល់ ស្ថាប័នព្រះមហាក្សត្រ សឹងតែរៀងរាល់ថ្ងៃ ទៅមើលទៅ ! នៅក្នុងបន្ទាយ អង្គភាព ស្នងការប៉ូលិសនីមួយៗមានព្រះឆាយាលក្ខ័ព្រះមហាក្សត្រ ដែលចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់យើងទេ? គឺអត់មានទេ ផ្ទុយទៅវិញមានតែរូបថត ៧មករា ឆ្នាំ១៩៧៩ អាហ្នឹងជាការរំលោភបំពានស្ថាប័នព្រះមហាក្សត្រ ក៏ដូចជារំលោភបំពានលើរដ្ឋធម្មនុញ្ញ»។
លោកនាយឧត្តមសេនីយ៍ គន់ គីម បានអះអាងថា កងទ័ពមានការគោរពស្រឡាញ់ និងការពារព្រះមហាក្សត្រ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ កងទ័ពអាចអព្យាក្រឹត្យបានចំពោះគណបក្សនយោបាយ ប៉ុន្តែកងទ័ពមិនអាចអព្យាក្រឹត្យជាមួយរាជរដ្ឋាភិបាលទេ។
លោក គន់ គីម បានថ្លែងថា «កងទ័ព ទោះបីជាគេយករូបថត ៧មករាទៅដាក់តាំង ក៏ជាសិទ្ធិរបស់គេព្រោះគេយកជាតិ និងរំដោះប្រជាជនគេអព្យាក្រឹត្យបាន តែជាមួយគណបក្សនយោបាយ ប៉ុន្តែគេមិនអាចអព្យាក្រឹត្យជាមួយរាជរដ្ឋាភិបាលបានទេ គេមិនអាចអព្យាក្រឹត្យជាមួយនាយករដ្ឋមន្រ្តី ដែលកំពុងកាន់អំណាច និងជានាយករដ្ឋមន្រ្តីស្របច្បាប់ ដែលប្រជាជនបោះឆ្នោតឱ្យទេ ដូច្នេះកងកម្លាំងប្រដាប់អាវុធការពារដាច់ខាត ចំពោះព្រះមហាក្សត្រ ចំពោះរាជរដ្ឋាភិបាលដែលប្រជាជនបានបោះឆ្នោតឱ្យ»។
នាយឧត្តមសេនីយ៍ បានបន្ថែមថា «ចំពោះទីស្នាក់ការដែលបំពេញការងារ ទីតាំងណាក៏មានព្រះមហាក្សត្រ ដោយឡែកអគារស្នាក់នៅ ឬក៏អគារផ្សេងៗ រាជរដ្ឋាភិបាល ឬម្ចាស់គេផ្តល់ឱ្យ យើងក៏បានដាក់នូវរូបសំណាក ព្រោះនាយករដ្ឋមន្រ្តីជាមេដឹកនាំរបស់គេ ដូច្នេះគេក៏មានសិទ្ធិដាក់ មិនមែនជាទីតាំងធ្វើការ ឬប៉ុយរ៉ូធ្វើការ ប៉ុន្តែជាអគារស្នាក់នៅ ឬអគារផ្សេងៗដែលជាអំណោយរបស់រាជរដ្ឋាភិបាល ឬក៏អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ឬសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដូច្នេះគេមានសិទ្ធិដាក់គ្រប់គ្រាន់ បើអ្នកឯងចង់ឱ្យគេដាក់អាហ្នឹងដែរ អ្នកឯងមកធ្វើមក គេដាក់ឱ្យហើយ»។
ដោយឡែក លោក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានច្រានចោលទៅកាន់ការចោទប្រកាន់ របស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ផងដែរ។ លោកថានៅអង្គភាពធ្វើការរបស់សមត្ថកិច្ច មិនមានការបង្គាប់ណាមួយមិនឱ្យតាំងរូបព្រះឆាយាល័ក្ខនោះឡើយ ហើយថា នៅអង្គភាពសមត្ថកិច្ច ទាំងអស់តែងមានរូបព្រះឆាយាល័ក្ខគ្រប់កន្លែង។ លោកថា «គ្មានការណែនាំណាមួយ មិនឱ្យដាក់តាំងព្រះឆាយាល័ក្ខនោះទេ»។
លោក ខៀវ សុភ័ក ហៅ ការចោទប្រកាន់របស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថាជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរ៕
សូមស្តាប់ការលើកឡើងរបស់នាយឧត្តមសេនីយ៍ គន់ គីម៖