(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ក្នុងចំណោមគ្នា៣នាក់ ដែលជាមុខសញ្ញាចាស់សកម្មខាងឆក់ ទូរស័ព្ទ ខ្សែក និងកាបូប អ្នកដំណើរតាមផ្លូវត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ ល្បាតប្រទះឃើញដេញតាមចាប់ខ្លួន នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ក្រោយពេលធ្វើសកម្មភាពពីឆក់ទូរស័ព្ទពីនារីម្នាក់ នៅភូមិសាស្រ្តខណ្ឌដង្កោ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ គ្រៀល សីហា អាយុ១៧ឆ្នាំ ស្នាក់នៅក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងឈ្មោះ វី ចំរ៉ុង អាយុ១៧ឆ្នាំ ស្នាក់នៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពេលឃាត់ខ្លួនដកហូតបានម៉ូតូមួយគ្រឿងម៉ាក ស្កុបពីពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1JN-0193 ជាមធ្យោបាយរបស់ជនសង្ស័យ និងទូរស័ព្ទដៃមួយគ្រឿង ម៉ាក Iphone 14 pro max។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យចំនួន៤លើករួចមកហើយ លុះនៅថ្ងៃកើតហេតុ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន។ ខណៈនោះបានប្រទះឃើញក្រុមជនសង្ស័យទាំងនេះ កំពុងជិះម៉ូតូតាមផ្លូវក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណៈនោះកម្លាំងក៏ដេញតាមចាប់ខ្លួនបាន២នាក់។

នៅចំពោះមុខនគរបាលជនសង្ស័យសារភាពថា នៅវេលាថ្ងៃត្រង់ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ពួកគេបានចេញទៅធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីនារីម្នាក់កំពុងធ្វើដំណើរតាមផ្លូវ២១៧ ក្បែរស្ពានដែក ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ក្រោយពេលឆក់បានសម្រេច ក៏បាននាំគ្នាជិះម៉ូតូវិលមកខណ្ឌពោធិ៍សែនជ័យវិញ ក៏ត្រូវកម្លាំងនគរបាលដេញតាមតាមចាប់ខ្លួនបានតែម្តង។ ចំណែកឯទូរស័ព្ទដែលឆក់នោះ ត្រូវបក្សពួកម្នាក់ដែលគេចខ្លួនរួចនាំយកទៅជាមួយ។ ពេលនេះជនសង្ស័យទាំង២នាក់ ត្រូវបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរ និងចាត់ការបន្តតាម៕