(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមប្រមាណ៤៧នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងវគ្គបណ្តុះបណ្តាលលើជំនាញថតរូប ជំនាន់ទី៣។

ពិធីប្រគល់វិញ្ញាបនបត្រនេះ បានធ្វើឡើងនៅ FTC ដោយ លោក ហេង ស៊ីនិត្យ គ្រូបង្គោលផ្នែកបណ្តុះបណ្តាលជំនាញថតរូប។

វគ្គសិក្សា «ជំនាញថតរូបក្នុងវិជ្ជាជីវៈសារព័ត៌មាន» របស់ FTC បានចាប់ផ្តើមចូលរៀននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ដោយសិក្សារៀងរាល់ចុងសប្តាហ៍ អស់រយៈពេល៣ខែ។ រាល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា បានបង្ហាញទឹកមុខពោរពេញដោយស្នាមញញឹម និងមានទំនុកចិត្ត ក្រោយទទួលបានការបណ្ដុះបណ្ដាលនៅ FTC។ វគ្គសិក្សាវគ្គ៣ ដែលបានបញ្ចប់នេះ មានសិក្ខាកាមសិក្សាចំនួន៤៧នាក់ នៅក្នុងនោះមានទាំងអ្នកសារព័ត៌មាន មន្រ្តីរាជការ អាជីវករ គ្រូបង្រៀន ក៏ដូចជាសិស្សនិស្សិតផងដែរ។

នាឱកាសនេះដែរ លោក ហេង ស៊ីនិត្យ បានអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់យើង តាំងពីដើមរហូតបញ្ចប់វគ្គសិក្សា និងទទួលវិញ្ញាបនបត្រ នាពេលនេះ។ លោកសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹងអំពី «ជំនាញថតរូបក្នុងវិជ្ជាជីវៈសារព័ត៌មាន»នេះ ទៅប្រើប្រាស់តាមតម្រូវការ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជា ចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកមានបទពិសោធន៍ ក្នុងវិស័យសារព័ត៌មានជិត ៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មាន ក្នុងសកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិកផងដែរ៕