(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញផ្សព្វផ្សាយយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ វិធានការគន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល។

ពិធីនេះធ្វើឡើងកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង លោកនាយការិយាល័យ នាយផ្នែកសឹករងក្រុង/ស្រុក វរសេនាតូចលេខ០១ សរុបមានចំនួន១២០នាក់។

នៅក្នុងឱកាសនោះ លោកមេបញ្ជាការ បានអានពីខ្លឹមសារសំខាន់ៗ ក៏ដូចជាលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ និងមានអាទិភាពគន្លឹះចំនួន៥ ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជន។

លោកបានបន្តថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនា ៥ គោលដៅយុទ្ធសាស្ត្រ៥ និងអាទិភាពគន្លឹះ៥។ បាវចនា៥ រួមមាន៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព។ គោលដៅយុទ្ធសាស្ត្រ ៥រួមមាន៖ (១). ធានាឱ្យបានកំណើនសេដ្ឋកិច្ច (២). បង្កើតការងារឱ្យបានកាន់តែច្រើន (៣). សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ (៤). បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន (៥). ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ អាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា។

ក្រោយពីបានស្តាប់នូវរាល់ខ្លឹមសារផ្សព្វផ្សាយ ការគិតគូរ និងការយកចិត្តទុកដាក់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាល ចំពោះប្រទេសជាតិ មាតុភូមិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលស្ថិតក្នុងកងយោធពលខេមរភូមិន្ទ ក្នុងនាមថ្នាក់ដឹកនាំ នាយ-ពលទាំងអស់នៃអង្គភាព  សូមប្តេជ្ញាគាំទ្រ ការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយជំនឿជឿជាក់យ៉ាងមុតមាំ ថាកម្ពុជានឹងរីកចម្រើនរុងរឿងលើគ្រប់វិស័យតទៅអនាគត ក្រោមម្លប់សុខសន្តិភាព។

លោកមេបញ្ជាការ បានផ្តាំផ្ញើរដល់ នាយទាហាន ដែលជាគ្រូបង្គោល ក្រោយពីទទួលបាននូវការផ្សព្វផ្សាយហើយ ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវធ្វើការផ្សព្វផ្សាយខ្លឹមសារបន្តទៅដល់យោធិនក្រោមឱវាទឱ្យបានយក់ដឹងកាន់តែច្បាស់។ នៅក្នុងឱកាសនេះផងដែរ មេបញ្ជាការ បានប្រគល់សៀវភៅយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ជូនដល់លោកមេបញ្ជាការ ផ្នែកសឹករងក្រុង-ស្រុក-វរសេនាតូចលេខ១ ដើម្បីបន្តទៅផ្សព្ចផ្សាយបន្តនៅតាមអង្គភាពរៀងៗខ្លួន៕