(ស្វាយរៀង)៖ លោក សុង សុផល អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP 3) នៅថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំមន្រ្តីបច្ចេកទេសគម្រោង របស់ក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគម្រោង (KCI) វិស្វករប្រចាំការដ្ឋាន និងតំណាងក្រុមហ៊ុន តាំង គឹម អេង ចុះពិនិត្យប្រគល់-ទទួល១០០% គម្រោងកែលំអផ្លូវជនបទជំហានទី៣។

ផ្លូវនេះធ្វើឡើងក្រោមហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្នុងខេត្តស្វាយរៀង ដែលគម្រោងបានចាប់ផ្តើមធ្វើការស្ថាបនាចាប់ពីខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់នៅចុងឆ្នាំ២០២៣ ជាប្រភេទផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុប ៥៧,២១៩គីឡូម៉ែត្រ មានចំនួន ០៤ខ្សែ។

ការចុះប្រគល់ផ្លូវនេះមានការអមដំណើរដោយលោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងជាអ្នកសម្របសម្រួលគម្រោងថ្នាក់ខេត្ត រួមជាមួយលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យផ្លូវជនបទ និងមន្ត្រីបច្ចេកទេសមន្ទីរផងដែរ។

លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង បានឱ្យដឹងថា ផ្លូវទាំង៤ខ្សែនេះប្រភេទផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុប ៥៧,២១៩គីឡូម៉ែត្រ។

*ខ្សែទី១ (SVR2)៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)ប្រវែង ១១,០៨៧គីឡូម៉ែត្រ ចាប់ពីក្រោលគោ ដល់វត្តស្វាយផ្អែម ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
*ខ្សែទី២ (SVR3)៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៩,១៦៦គីឡូម៉ែត្រ ចាប់ពីផ្សារចក ដល់ពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។
*ខ្សែទី៣ (SVR4)៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ២៤,៩៥៩គីឡូម៉ែត្រ ចាប់ពីព្រៃគាវ ដល់កំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។
*ខ្សែទី៤ (SVR5)៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១២,០០៧គីឡូម៉ែត្រ ចាប់ពីព្រះពន្លា ដល់សំយោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

លោកបានបញ្ជាក់ថា គម្រោងផ្លូវ៤ខ្សែខាងលើនេះ ស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទ ហើយក៏ជាបណ្តាញតភ្ជាប់ពីជនបទទៅទីប្រជុំជនប្រកបដោយចីរភាព និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅជនបទផងដែរ៕