(កំពង់ធំ)៖ បច្ចុប្បន្នការធ្វើស្រូវប្រាំង បានធ្វើឱ្យប្រជាកសិករកំពុងមមាញឹកប្រមូលផល ដើម្បីបំពេញតម្រូវការជីវភាពប្រចាំថ្ងៃពិសេសបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយការនាំចូលពីខាងក្រៅ។

ប្រជាកសិករនៅសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានបញ្ចេញស្នាមញញឹមសប្បាយចិត្ត ខណៈការបង្កបង្កើនផលស្រូវបានកើតជាងមុនហើយតម្លៃស្រូវបានខ្ពស់ជាងសព្វឆ្នាំ ពិសេសតម្លៃស្រូវលក់ចេញក្នុង១គីឡូក្រាម ចាប់ពី ១,១៥០រៀល ដល់ ១,១៦០រៀល។

លោក ជីវ គឹមអ៊ុន ចៅសង្កាត់អូរកន្ធរ បានលើកឡើងថានៅសង្កាត់អូរកន្ធរ ប្រជាជនដែលជាកសិករស្មើនឹង ៨០% ក្នុងចំណោមគ្រួសារទាំងអស់មាន ១,១៥១គ្រួសារ ហើយកសិករបានធ្វើស្រែប្រាំងជាប្រចាំក្នុង១ឆ្នាំ ធ្វើ ២ដង។ ចំពោះផ្ទៃដីនៅសង្កាត់អូរកន្ធរ គឺវាមាន ៤៤៣៦ហិកតា ប៉ុន្តែក្នុងនោះ ១,៤០០ជាងហិកតា គឺកសិករមកពីខាងក្រៅរដ្ឋបាល។

លោកបានបន្តថា ឥឡូវនេះយើងឃើញថា កសិករគាត់រីកមុខរីកមាត់ណាស់ ហើយគាត់តែងតែពោលសរសើរដល់រាជរដ្ឋាភិបាល សរសើរដល់អាជ្ញាធររបស់យើងគិតគូរព្រោះស្រូវគាត់បានឡើងថ្លៃ។

ជាមួយគ្នានេះលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជួយ ដល់ប្រជាកសិករក្នុងខេត្ត បានបន្ដដាំដំណាំបន្ទាប់បន្សំជាច្រើនមុខ និងបន្លែផ្លែឈើជាច្រើនទៀត ដើម្បីផ្គត់ផ្គង់ជីវភាពផង និងទីផ្សារផងឱ្យគ្រប់គ្រាន់តាមតម្រូវការ ផ្ទៃដីដាំដុះសរុបជិត ៦០ម៉ឺនហិកតា ដោយឡែកផ្ទៃដីសម្រាប់ស្រូវប្រាំងមាន ៨៥,០០០ហិកតា។

នេះជាចំនួនបានកើនឡើងប៉ុន្មានជា១៤០% នៃផែនការមានការកើនឡើងជាង ២ម៉ឺនហិកតា ដោយសារតែកត្តាតម្លៃស្រូវល្អ កសិករបានខិតខំប្រឹងប្រែងបង្ករបង្កើនផលហើយក្នុងនាមជំនាញ បានយកចិត្តទុកដាក់តាមដាន នូវការបង្កើនផលរបស់កសិករ។ លោកបញ្ជាក់ថា ក្រោយពីកាត់ការហូបចុកចំណីសត្វ គឺយើងនៅសល់ស្បៀងជាង ៦៤ម៉ឺនតោនផងដែរ៕