(ពោធិ៍សាត់)៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលស្រុកភ្នំក្រវាញ ធ្វើការឃាត់ខ្លួន ជាមួយនឹងម៉ូតូមួយគ្រឿង ដែលម្ចាស់កំពុងតាមរក នៅរសៀលថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០១៦ នៅចំណុចសាងម៉ាង ស្ថិតក្នុងភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពីបទលួចម៉ូតូ។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ជនសង្ស័យឈ្មោះ ហែម សុភ័ក្រ អាយុ២៦ឆ្នាំ រស់នៅភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ លោកអធិការបានបន្តថា ការឃាត់ខ្លូនជនសង្ស័យ រួមជាមួយនឹងម៉ូតូ ធ្វើឡើងបន្ទាប់ពីបុរសម្នាក់ឈ្មោះ នាង ផាត អាយុ៤៤ឆ្នាំ រស់នៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ បានមកដាក់ពាក្យបណ្តឹង ដោយរៀបរាប់ថា ម៉ូតូមួយគ្រឿងម៉ាកHonda Dream C125 ស៊េរីឆ្នាំ ២០០៩ ពាក់ស្លាកលេខ ពោធិ៍សាត់1A-5574 របស់ខ្លួនបានទុកចោល នៅមុខកុដវត្តថ្លុកដង្កោ ហើយត្រូវបានចោរលួចទៅបាត់ ខណៈម្ចាស់កំពុងឡើងទៅលើកុដ។

លោកអធិការ បន្តថា «ក្រោយពីទទួលពាក្យបណ្តឹងពីឈ្មោះខាងលើ កម្លាំងរបស់យើង បានចុះស្រាវជ្រាវគ្រប់ច្រកល្ហក់ ទើបប្រទះឃើញម៉ូតូ ដូចភិនភាគដែលម្ចាស់តាមរក កំពុងត្រូវជនសង្ស័យជិះ ក៏ធ្វើការឃាត់ខ្លួនតែម្តង»។ បច្ចុប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕