(កណ្ដាល)៖ លោក ចាន់ តារាអភិបាលក្រុងអរិយក្សត្រ បានជំរុញដល់យុវជន និងប្រជាពលរដ្ឋទាំងអស់ រួមគ្នាដាំដើមឈើឱ្យបានច្រើនៗ និងថែរក្សាបរិស្ថានឱ្យបានល្អស្អាត ព្រោះជាការលើកមុខមាត់ទីក្រុងអរិយក្សត្រឱ្យមានសោភ័ណភាពកាន់តែល្អឡើងៗ។

លោកអភិបាលក្រុងបានជំរុញបែបនេះ នៅគ្រាដែលលោក និងលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង នាយក-នាយករងរដ្ឋបាលក្រុង កងកម្លាំងទាំង៣ មន្រ្តីរាជការនៃរដ្ឋបាលក្រុងអរិយក្សត្រ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស បានប្រារព្ធពិធីអបអរសាទរ ទិវាតំបន់ដីសើមអន្តរជាតិ ២កុម្ភៈ ក្រោមប្រធានបទ «តំបន់ដីសើម និងសុខុមាលភាពប្រជាជន» ដែលពិធីនេះធ្វើឡើងនៅបរិវេនវត្តពេជ្រម្កុដ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៤នេះ។

លោកអភិបាលក្រុងបានថ្លែងថា ការរៀបចំទិវាតំបន់ដីសើមអន្តរជាតិ ២កុម្ភៈនេះ គឺជាការដាស់ស្មារតីឱ្យប្រជាពលរដ្ឋ បានយល់ដឹង និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការរួមចំណែកដល់កិច្ចការពារ អភិរក្សអភិវឌ្ឍន៍ និងស្ដារតំបន់ដីសើម ដែលជាសម្បត្តិ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់យើង ទាំងអស់គ្នា និងស្នើរសុំប្រជាពលរដ្ឋទាំងអស់គ្នារួមគ្នាដាំដើមឈើឲ្យច្រើន និងថែរក្សាបរិស្ថានឱ្យបានល្អស្អាត។

លោកអភិបាលក្រុងថ្លែងថា លោកនឹងនៅតែបន្តការងារនេះជាបន្តបន្ទាប់ដូចភ្លៀងរលឹម ពោលគឺបំផុសផ្នត់គំនិតដល់សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋទាំងអស់ ឱ្យចេះស្រលាញ់ដើមឈើ ស្រលាញ់បរិស្ថាន រស់នៅស្អាត អនាម័យជានិច្ច៕