(ត្បូងឃ្ម)៖ លោក វង សូត អនុប្រធានទី២ រដ្ឋសភា រួមទាំងក្រុមអ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា-ឃុំសង្កាត់ ក្នុងក្របខណ្ឌទូទាំងខេត្តត្បូងឃ្មុំ ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ពិធីនេះការចួលរួមពីបេក្ខជនឈរឈ្នោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់ភូមិភាគ២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ផងដែរ។

លោក វង សូត បានសម្តែងនូវភាពសប្បាយរីករាយចំពោះវេទិកាជួបជុំនាពេលនេះ រវាងតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដូចគ្នា។

លោកបានគូសបញ្ជាក់ថា កម្ពុជាមានការបោះឆ្នោត ២ប្រភេទ គឺការបោះឆ្នោតសកល និងការបោះឆ្នោតអសកល។ ការបោះឆ្នោតបែបសកល គឺមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ដោយឡែកការបោះឆ្នោតបែបអសកល មានដូចជាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាដើម។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានអង្គបោះឆ្នោតពីរប្រភេទ គឺតំណាងរាស្រ្តក្នុងតំណែង និងក្រុមប្រឹក្សាឃុំ-សង្កាត់។ នៅក្នុងក្របខណ្ឌទូទាំងខេត្តត្បូងឃ្មុំ មានអង្គបោះឆ្នោតសរុបចំនួន ៥៤៤រូប ក្នុងនោះមានតំណាងរាស្រ្តក្នុងតំណែងចំនួន ៨រូប និងក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៥៣៦រូប។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៩មក ការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលមានអាណត្តិចំនួន៦ឆ្នាំ មានចំនួន៤លើករួចមកហើយ ហើយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

លោក វង សូត ក៏បានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែធ្វើអំពើល្អ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា រហ័សទាន់ចិត្ត និងមានប្រសិទ្ធិភាព និងរក្សាឱ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព។ ចំណែកឯអង្គបោះឆ្នោតត្រូវថែទាំសុខភាពឱ្យបានល្អ និងត្រៀមឯកសារផ្លូវការសម្រាប់ចូលរួមក្នុងថ្ងៃបោះឆ្នោត ដែលជាក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងរាស្រ្តក្នុងតំណែង អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ៕