(ភ្នំពេញ)៖ លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការប្រើប្រាស់យានយន្តនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសប្រភេទយាយន្តថ្មីៗ រួមទាំងយានយន្តដើរដោយម៉ាស៊ីនចំហេះក្នុង (ICE) ប្រើប្រាស់ថាមពលហ្វូស៊ីល និងយានយន្តអគ្គិសនី (EV) ប្រើប្រាស់ថាមពលស្អាតផងដែរ។

លោក ពៅ ម៉ាលី បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាឱកាសតំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និងបើកបរសាកល្បងរថយន្តរបស់ក្រុមហ៊ុន GTV Motor Co.,Ltd នៅ ឌឹ ព្រីមៀរ សែនសុខ និងដោយមានការចូលរួមជាសហអធិបតីភាពលោក ឡៅ ហ៉ីម រដ្ឋលេខាធិកាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងមានការចូលរួមពីឧកញ៉ាបណ្ឌិត ឃុន ចាន់ថា ប្រធានអគ្គនាយកក្រុមហ៊ុន GTV Motor រួមអ្នកពាក់ព័ន្ធជាច្រើនរូមទៀត។

បន្ថែុមពីនេះលោក ពៅ ម៉ាលី បានឱ្យដឹងទៀតថា មកដល់ពេលនេះក៏មានក្រុមហ៊ុនមួយចំនួនបាននិងកំពុងដាក់ឱ្យដំណើរការរោងចក្រផ្ដុំដំឡើងយានយន្តជាបន្តបន្ទាប់ ដូចជា៖ ក្រុមហ៊ុន FORD (RMA), HYUNDAI, TOYOTA, និងក្រុមហ៊ុនមួយចំនួនទៀត បាននិងកំពុងគ្រោងបង្កើតរោងចក្រនៅកម្ពុជាផងដែរ។ ក្ក្នុងនោះក្រុមហ៊ុន GTV Motor Co., Ltd ក៏បានបង្កើតនូវសមិទ្ធផលថ្មីសម្រាប់ជាតិ ដោយបានកំណត់ដាក់ឈ្មោះម៉ាកម៉ូដែលរថយន្តរបស់ក្រុមហ៊ុនជាសំនៀងភាសាខ្មែរ និងជួយបង្កើនទីផ្សារការងារដល់ប្រជាពលរដ្ឋ និងតម្លៃយានយន្តកាន់តែល្អប្រសើរជាងមុនរថយន្តថ្មីរបស់ក្រុមហ៊ុនបាន។

លោក ពៅ ម៉ាលី បានអះអាងដែរថា ការបង្កើតឱ្យមានរោងចក្រផលិតដែលអាចឱ្យពលរដ្ឋមានលទ្ធភាពប្រើប្រាស់ និងផ្គុំដំឡើងយានយន្តនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បានប្រែក្លាយកម្ពុជាពីប្រទេសនាំចូល និងប្រើប្រាស់យានយន្តទៅជាប្រទេសឧស្សាហកម្មយានយន្ត ដូចបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ ម៉្យាងវិញទៀត រោងចក្រផលិត និងផ្គុំដំឡើងយានយន្ត បានដើរតួយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក និងជួយជំរុញដល់វិស័យឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា ស្របតាមផែនទីបង្ហាញផ្លូវអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិច នៅកម្ពុជា ដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក។

បន្ថែមពីនេះ លោក ពៅ មាលី ក៏បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាអភិវឌ្ឍវិស័យទាំងនេះដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងប្រែក្លាយឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្នែកលើជំនាញ និងធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់ ស្របតាមគោលនយោបាយអភិវឌ្ឍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥។ ទន្ទឹងនឹងនេះវិស័យយានយន្តត្រូវបានចាត់ទុកជាវិស័យអាទិភាពចម្បងមួយសម្រាប់អភិវឌ្ឍនៅកម្ពុជា។ តាមរយៈភាពជាដៃគូជាមួយវិស័យកឯកជន ឃើញថាវិស័យនេះ មានការលូតលាស់ យ៉ាងឆាប់រហ័សដោយផ្អែកតាមទិន្នន័យកំណើនជាមធ្យមនៅ ៥ឆ្នាំ ចុងក្រោយប្រមាណជា ១១,៣%។

លោក ពៅ ម៉ាលី បានបញ្ជាក់ទៀតថា ដើម្បីសម្រេចចក្ខុវិស័យអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា ទាមទារឱ្យមានការប្ដេជ្ញា និងភាពជាដៃគូយ៉ាងជិតស្និទរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។ ក្នុងនោះដែររាជរដ្ឋាភិបាលទទួលស្គាល់ថាភាពជាដៃគូជិតស្និទរវាងរដ្ឋាភិបាល និងវិស័យឯកជន គឺជាគន្លឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកប ដោយប្រសិទ្ធភាព លើវិស័យយានយន្ត ហើយរាជរដ្ឋាភិបាលស្វាគមន៍រាល់ការចូលរួមរបស់វិស័យឯកជនដើម្បីសហការអភិវឌ្ឍវិស័យទាំងនេះ ចាប់តាំងពីការតម្រង់ទិសយុទ្ធសាស្ត្ររួមរហូតដល់ការ រៀបចំ និងអនុវត្តផែនការសកម្មភាពផងដែរ។

ឧកញ៉ាបណ្ឌិត ឃុន ចាន់ថា បានឱ្យដឹងដែរថា GTV ដែលជាម៉ាកយីហោរថយន្តផ្ទាល់ខ្លួនដំបូងគេបង្អស់របស់កម្ពុជានេះ បានបង្ហាញពីកិត្យានុភាពផលិតផល រថយន្តជាតិជាប្រវត្តិសាស្ត្រ សម្រាប់ផ្គត់ផ្គង់ទីផ្សាររថយន្តជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេសនានា ដែលនឹងជំរុញដល់ការគាំទ្រផលិតផលជាតិ លើកស្ទួយសេដ្ឋកិច្ចជាតិ និងនវានុវត្តន៍ វិស័យឧស្សាហកម្មយានយន្តកម្ពុជាឱ្យកាន់តែប្រសើរ ដែលការណ៍នេះសបញ្ជាក់ឱ្យឃើញថាខ្មែរធ្វើបាន! បានបង្កើតម៉ាកយីហោរថយន្តជាតិដំបូងគេបង្អស់របស់ខ្លួន! រថយន្តជាតិ វឌ្ឍនភាពសេដ្ឋកិច្ចជាតិ! មោទនភាពផលិតផលជាតិខ្មែរ៕