(ភ្នំពេញ)៖ សាស្រ្តាចារ្យ វេជ្ជបណ្ឌិតអ៊ុង សុផល ប្រធានផ្នែកជំងឺឆ្លង និងជាអនុប្រធានការិយាល័យបចេ្ចកទេស នៃមន្ទីរពេទ្យកុមារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងផ្នែកគ្លីនិក នៃជំងឺគ្រុនឈាម បានបញ្ជាក់ឲ្យដឹងថា កាលពីចុងឆ្នាំ ២០១៥ និងដើមឆ្នាំ ២០១៦ នេះ ថ្នាំចាក់បង្ការជំងឺគ្រុនឈាមដំបូងគេបំផុត ដែលផលិតដោយក្រុមហ៊ុន សាណូហ្វីប៉ាស្ទ័រ របស់ប្រទេសបារាំង ត្រូវបានគេចុះបញ្ជិកា ដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេស មួយចំនួន ដែលស្ថិតនៅក្នុងតំបន់ កើតមានជំងឺគ្រុនឈាម។
កាលពីខែមេសាកន្លងទៅនេះ ប្រទេសហ្វីលីពីនបានអនុវត្តមុនគេ នូវការដាក់បញ្ចូលថ្នាំបង្ការជំងឺគ្រុនឈាម ទៅក្នុងកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ របស់ខ្លួន។លោក វេជ្ជបណ្ឌិត អ៊ុង សុផល រំពឹងថាសម្រាប់កម្ពុជា ថ្នាំបង្ការជំងឺគ្រុនឈាមនេះនៅមិន ទាន់មកដល់នៅឡើយទេ ប៉ុន្តែសង្ឃឹមថាវានឹងអាចមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ។
ជំងឺគ្រុនឈាម គឺជាជំងឺដ៏គ្រោះថ្នាក់ និងអាចប៉ះពាល់ដល់ជីវិត។ អ្នកជំងឺគ្រុនឈាមអាចលេចចេញនូវ ផលវិបាកធ្ងន់ធ្ងរមួយចំនួន ដែលអាចនាំទៅរកការស្លាប់បាន។ ផលវិបាកទាំងនោះរួមមាន៖ ការលើសជាតិទឹក ក្នុងរាងកាយ,ការហូរឈាមច្រើន (បណ្តាលមកពីការប្រើប្រាស់ថ្នាំ ពពួកអាស្ពីរីនឬអ៊ីប៊ុយប្រូហ្វែន ឬការបាត់បង់កត្តាកំណកឈាម), ភាពខ្សោយតម្រងនោម,ការខ្សោយចង្វាក់ដង្ហើម និងការខ្សោយបេះដូង បែបតឹង ណែន។
គួរបញ្ជាក់ថា ក្រុមហ៊ុន សាណូហ្វី ជាក្រុមហ៊ុនឱសថ ឈានមុខគេមួយ លើពិភពលោក បានរកឃើញ, និងកែច្នៃ ព្រមទាំង ចែកចាយផលិតផលដែលផ្តោតសំខាន់លើតម្រូវការរបស់អ្នកជំងឺ ជាចម្បង។ក្រុមហ៊ុន សាណូហ្វី មានចំណុចស្នូលសំខាន់ៗ ចំនួន ៥ក្នុងវិស័យថែទាំសុខភាព ដែលមានដូចជា៖ ផ្នែកទឹកនោមផ្អែមនិងសរសៃឈាមបេះដូង,វេជ្ជសាស្រ្តទូទៅនិងទីផ្សារថ្មីៗ,សាណូហ្វីGenzyme, សាណូហ្វីប៉ាស្ទ័រ និងសុខភាពសត្វ។ ក្រុមហ៊ុនសាណូហ្វីបានចុះបញ្ជី ទីផ្សារភាគហ៊ុននៅទីក្រុងប៉ារីស (EURONEXT: SAN) និងនៅទីក្រុងញូវយ៉ក(NYSE: SNY)។
សាណូហ្វីប៉ាស្ទ័រ ជាស្ថាប័នថ្នាំបង្ការ របស់ក្រុមហ៊ុនសាណូហ្វី ដែលផលិតថ្នាំបង្ការលើសពី ១០០០លានដូស ក្នុងមួយឆ្នាំៗ ដែលផ្តល់ការការពារដល់មនុស្សលើស ពី ៥០០លាននាក់ ទូទាំងសកលលោក។ ជាស្ថាប័នមួយ ក្នុងចំណោមស្ថាប័នដែលឈានមុខគេ និងធំជាងគេក្នុងឧស្សាហកម្មថ្នាំបង្ការ នៅលើសកលលោកអស់រយៈពេល ជាងមួយសតវត្សរ៍មកហើយ សាណូហ្វីប៉ាស្ទ័រ បាននិងកំពុងផលិតថ្នាំបង្ការការពារជីវិត ដែលមាន គុណភាពខ្ពស់សមស្របនឹង តម្រូវការផ្នែកសុខភាពសាធារណៈ។ ក្រុមហ៊ុន វិនិយោគ ក្នុងទឹកប្រាក់លើសពី ១លានអឺរ៉ូ សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍថ្មីៗ ជារៀងរាល់ថ្ងៃ៕