(កណ្ដាល)៖ ជនសង្ស័យដែលជាឃាតក សម្លាប់ស្ត្រីមានផ្ទៃពោះ៥ខែ និងដុតសាកសព ហើយប្លន់យកម៉ូតូ ត្រូវបានលោកស្រី ថ្លាង ស្រីណុច ព្រះរាជអាជ្ញារអយ្យកាលអមសាលាដំបូងខេត្តកណ្តាល បានចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ ក្រមព្រហ្មទណ្ឌ បញ្ជូនទៅចៅក្រមស៊ើបសួរ លោកចៅក្រម ស៊ូ បញ្ញា រួចរាល់ហើយ។

ចៅក្រម ស៊ូ បញ្ញា សម្រេចចោទប្រកាន់ និងឃុំខ្លួនឃាតកនេះដាក់ពន្ធនាគារ។ នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល នៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៤នេះ។

សូមជម្រាបថា ឃាតកសម្លាប់ស្ដ្រីមានផ្ទៃពោះ៥ខែ ហើយយកសាំងចាក់ដុតសាកសព រួចយកម៉ូតូជនរងគ្រោះដែលបានកើតឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចព្រៃខាងជើងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល និងប្រទះឃើញសាកសពជនរងគ្រោះនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នៅចំណុចខាងលើ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្ដាលស្រាវជ្រាវបំបែកបានហើយ។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្ដាល។ ដោយអនុវត្តតាមបទបញ្ជានេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាដឹកនាំកម្លាំងជំនាញ និងដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ឲ្យលោកវរសេនីយ៍ឯក ទូច អុីណាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចុះដឹកនាំផ្ទាល់និងសម្របសម្រួលសហការជាស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើស អាវុធហត្ថលើផ្ទៃប្រទេស រួមទាំងអង្គភាពពាក់ព័ន្ធបើកកិច្ចសហប្រតិបត្តិការ ស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនមុខសញ្ញាដែលធ្វើសកម្មភាពខាងលើឲ្យបានជាដាច់ខាត។

ដោយមានការសម្របសម្រួលនីតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ព្រះរាជអាជ្ញារាជធានីភ្នំពេញ និងព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ ពិសេសគួបផ្សំនឹងឆន្ទៈ តស៊ូ ព្យាយាមទាំងថ្ងៃទាំងយប់មិនខ្លាចនឿយហត់ សាមគ្គី សហការគ្នារវាងកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកណ្តាល កងរាជអាវុធហត្ថរាជធានីភ្នំពេញ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលមានជំនាញស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះសម្របសម្រួលផ្នែកបច្ចេកទេសដោយផ្ទាល់ ទើបធ្វើការកំណត់បាននូវមុខសញ្ញាជនដៃដល់ជាឃាតក រហូតឈានដល់ការបើកកិច្ចសហប្រតិបត្តិការរួមគ្នា ស្វែងរកឃើញ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ រតនា ហៅ គាង អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាឃាតកសម្លាប់ជនរងគ្រោះឈ្មោះ ថារី ហៅ ស្រីម៉ី អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

ករណីខាងលើបាត់បង់សម្ភារៈជនរងគ្រោះរួមមាន ម៉ូតូចំនួន១គ្រឿងម៉ាក Honda beat ស៊េរីឆ្នាំ២០២៣ ពណ៌ទឹកប៊ិចលាយស, ទូរស័ព្ទដៃចំនួន១គ្រឿង ម៉ាក IPhone 6, កាបូបដៃចំនួន១ និងប្រាក់រៀលមួយចំនួន។

ដំណើររឿងហេតុនាំឲ្យជនសង្ស័យសម្លាប់ជនរងគ្រោះ គឺកន្លងមកជនសង្ស័យ និងជនរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នា ជួបគ្នាលើកចុងក្រោយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ មុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទហៅមកគ្នា។ ជនរងគ្រោះក៏ព្រមព្រៀងមកជួប ​ក្រោយជួបហើយជនសង្ស័យមានគំនិតជាស្រេចត្រៀមថា នឹងសម្លាប់ជនរងគ្រោះដើម្បីយកម៉ូតូ។​

ក្រោយគិតរួចជនសង្ស័យក៏បានចេញដំណើរមកជួបជនរងគ្រោះតាមការណាត់ដោយឲ្យបុរសម្នាក់ជាប្អូនសង្សាខ្លួនជិះម៉ូតូដឹកទៅគោលដៅកំណត់ ហើយបានឈប់តាមផ្លូវចូលផ្ទះលក់អីវ៉ាន់ស្ថិតក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ទិញខែ្សអង្រឹងនីឡុងពណ៌ត្រេអ៉ី ប្រវែងពីរម៉ែត្រដាក់ក្នុងហោប៉ៅខោត្រៀមទុកធ្វើសកម្មភាពសម្លាប់ រួចបន្តដំណើរទៅជិតដល់គោលដៅ ជនសង្សយ័ឲ្យបុរសនោះឈប់ម៉ូតូលាក់ខ្លួនក្បែរផ្ទះសំណាក់ ។​ បន្តិចក្រោយមកជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស មកជួបគ្នានៅទីនោះ រួចជនសង្ស័យឌុបជនរងគ្រោះចូលផ្ទះសំណាក់មួយកន្លែងក្បែរនៅភ្នំបាសិត ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងរយៈពេលប្រហែលមួយម៉ោងក្រោយម កពួកគេទាំងពីនាក់បានចេញពីផ្ទះសំណាក់ រកកន្លែងដែលអំណោយផលដើម្បីធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ រហូតមកដល់កន្លែងកើតហេតុខាងលើក៏ឈប់ម៉ូតូអង្គុយលេងមួយសន្ទុះ ឃើញជនរងគ្រោះអង្គុយមិនប្រយ័ត្ន ក៏យកខ្សែអង្រឹងដែលត្រៀមទុកក្នុងហោប៉ៅខោមកធ្វើសកម្មភាពទាក់រឹកកជនរងគ្រោះ ពីក្រោយហើយទាញបង្វិលផ្កាប់មុខមិនឲ្យរើបម្រាស់រួច ពេលនោះជនរងគ្រោះដាច់ខ្យល់ស្លាប់ភ្លាមៗ។

រួចហើយជនសង្ស័យក៏យកខ្សែទាក់កជនរងគ្រោះអូសចូលទៅក្នុងព្រៃក្បែរនោះប្រហែល៣០ម៉ែត្រ ហើយប្រមូលស្មៅ និងមែកឈើងាប់ៗនៅជិតនោះគ្របលើសពជនរងគ្រោះ រួចជិះម៉ូតូជនរងគ្រោះទៅទិញប្រេងសាំងមួយលីត្រ និងដែកកេះមួយ នៅតូបលក់អីវ៉ាន់ក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល មកស្រោចលើសពជនរងគ្រោះហើយកេះដែកកេះដុតសពតែម្តង។ បន្ទាប់មកជនសង្ស័យយកម៉ូតូជនរងគ្រោះជិះគេចខ្លួនយកទៅលក់នៅម្តុំផ្សារដេប៉ូ រាជធានីភ្នំពេញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រតនា ហៅគាង បានឆ្លើយសារភាពថា ខ្លួនពិតជាបានរៀបចំគម្រោងផែនការ និងត្រៀមសម្ភារៈទុកជាមុនដើម្បីសម្លាប់ជនរងគ្រោះឈ្មោះ ថារី ហៅស្រីមុី ពិតប្រាកដមែន។ មូលហេតុដោយគេចាញ់ល្បែង ជំពាក់លុយគេច្រើន៕