(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង បានធ្វើការឃាត់ Pass App ចំនួន០២គ្រឿង កែច្នៃខុសលក្ខណៈបច្ចេកទេស។
ទន្ទឹមគ្នានេះ សមត្ថកិច្ចបានឲ្យម្ចាស់ Pass App ដោះចេញដោយខ្លួនឯង និងណែនាំឲ្យបញ្ឈប់បំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេស ដោយខុសច្បាប់តទៀត។
សូមជម្រាបថា លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្ដល្មើស៨១គ្រឿង ក្នុងនោះរថយន្ត៣១គ្រឿង និងម៉ូតូ៥០គ្រឿង។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាគួរឲ្យព្រួយបារម្ភ។
ជាលទ្ធផល តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន៨១គ្រឿង (រថយន្ត ចំនួន៣១គ្រឿង, ម៉ូតូ ចំនួន៥០គ្រឿង)៖
*ទី១៖ ល្មើសជាតិស្រវឹង ចំនួន៦១គ្រឿង៖ កម្រិត០.២៥-០.៣៩ mg/L ចំនួន២៨គ្រឿង អ្នកបើកបរម៉ូតូ ចំនួន១៧នាក់ អ្នកបើកបររថយន្ត ចំនួន១១នាក់, កម្រិត ០.៤០mg/L ឡើង ចំនួន៣៥គ្រឿង អ្នកបើកបរម៉ូតូ ចំនួន២១នាក់ និងអ្នកបើកបររថយន្ត ចំនួន១៤នាក់។
*ទី២៖ បទល្មើសផ្សេងៗ ចំនួន១៨គ្រឿង៖ អត់មួកសុវត្ថិភាព ចំនួន១១គ្រឿង, ឡានគ្មានប័ណ្ណបើកបរ ចំនួន៦គ្រឿង និងរថយន្ដល្មើសសញ្ញាចរាចរណ៍ ចំនួន១គ្រឿង។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»៕