(រតនគិរី)៖ ក្បួនរថយន្ត ការ៉ាវ៉ាន បុរាណ Classics And Vintage របស់ក្រុមហ៊ុន Inspiration Cambodia For The Travel Service ចំនួន ៣៥គ្រឿង ជាមួយនឹងភ្ញៀវទេសចរអឺរ៉ុប ចំនួន៦៥នាក់ ដែលចេញដំណើរពីទីក្រុងព្រៃនគរ ប្រទេសវៀតណាម បានមកដល់ខេត្តរតនគិរី តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរី បានឱ្យដឹងថា ក្បួនរថយន្តបុរាណខាងលើមកដល់ខេត្តរតនគិរី នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ ដោយធ្វើដំណើរចេញពីទីក្រុងព្រៃនគរ ប្រទេសវៀតណាម ឆ្ពោះមកខេត្តរតនគិរី តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ កម្ពុជា។

លោកបានបន្តថា ក្បួនរថយន្តបុរាណ មានចំនួន ៣៥គ្រឿងជា របស់ភ្ញៀវទេសចរជនជាតិអុឺរ៉ុប បានបើកបរទស្សនាជុំវិញពិភពលោក។ បច្ចុប្បន្នក្បួនរថយន្ត និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៦៥នាក់ ដែលមកជាមួយក្បួនរថយន្តបាននឹងកំពុងសម្រាកស្នាក់នៅនៅសណ្ឋាគារ រតនៈប៊ូទិក ខេត្តរតនគិរី។ ហើយនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមរថយន្តបុរាណទាំងនេះនឹងបន្តចេញដំណើរពីខេត្តរតនគិរី ឆ្ពោះទៅខេត្តសៀមរាប រួចបន្តដំណើរឆ្លងទៅប្រទេសថៃ និងប្រទេសឡាភាគខាងជើង ក្បួនរថយន្តត្រូវបានបញ្ចប់ការធ្វើដំណើរនៅក្រុងហាណូយ ប្រទេសវៀតណាម។

សូមបញ្ជាក់ថា អ្វីជាជាការចាប់អារម្មណ៍នោះ គឺប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បានសម្តែងនូវការសប្បាយរីករាយ និងចាប់អារម្មណ៍ជាខ្លាំងដែលបានឃើញផ្ទាល់ភ្នែកនូវរថយន្តបុរាណ ជាពិសេសយុវជនជំនាន់ក្រោយដែលពួកគាត់មិនដែលបានឃើញបានស្គាល់នោះឡើយ៕