(កំពង់ចាម)៖ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា វិស័យសុខាភិបាល ជាវិស័យមួយមានអាទិភាពខ្ពស់ ក្នុងការចូលរួមចំណែក កាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយនឹងផ្ដល់ឱ្យប្រជាពលរដ្ឋនូវសុខភាព និងសុខមាលភាពល្អ ដើម្បីជាកត្តាចម្បងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។

លោកអភិបាលរងខេត្តបានលើកឡើងដូច្នេះ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាល ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាល រដ្ឋបាលខេត្តកំពង់ចាម។

បើតាមមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា ការរៀបចំសិក្ខាសាលាបូកសរុបសមិទ្ធផលការងារនេះ ក្នុងវត្ថុបំណងវាស់វែងគូសរំលេច នូវជំហានវឌ្ឍនភាព នៃកិច្ចខិតខំខ្នះខ្នែងសម្រេចគោលដៅភារកិច្ច រយៈពេល១ឆ្នាំកន្លងទៅ និងរួមគ្នាឆ្លុះបញ្ចាំងដកស្រង់មេរៀនបទពិសោធន៍ អំពីចំណុច ខ្លាំង ខ្សោយ ឈានទៅកសាងផែនការប្រតិបត្តិសម្រាប់ឆ្នាំ២០២៤ ដែលជាបន្ទាត់ណែនាំសកម្មភាព ឈានឆ្ពោះទៅបង្កើនសក្តានុពល ការគ្រប់ដណ្តប់សេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធផល និងសមធម៌។

អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា៖ «នេះគឺជាការប្រជុំមួយដ៏មានសារៈសំខាន់ សម្រាប់វិស័យសុខាភិបាលរបស់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីឆ្លុះបញ្ចាំងថាតើយើងបានបង្កើនវឌ្ឍនភាពអ្វីខ្លះ អំពីការងារដែលយើងបានខិតខំប្រឹងប្រែងរួមគ្នា ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ធនធានបញ្ញាស្មារតី ក្នុងរយៈពេលមួយឆ្នាំ ដែលធ្វើឱ្យយើងអាចទទួលបាន នូវសមិទ្ធផល ជាច្រើនសម្រាប់ខេត្តកំពង់ចាមរបស់យើង ក្នុងវិស័យសុខាភិបាលនេះ ហើយកក្តាទាំងអស់នោះ សុទ្ធតែបានកើតឡើងពីភាពទទួលខុសត្រូវ ការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា»។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា វិស័យសុខាភិបាល គឺជាវិស័យមួយដែលខុសគេ ពោលគឺប្រសិនបើមានសម្ភារៈហើយ គ្មានធនធានមនុស្សក៏លំបាក គឺខុសពីគ្រូបង្រៀន ដែលពួកគាត់ប្រើតែដីស និងក្តារខៀន គឺអាចបង្រៀនបាន ប៉ុន្តែ វិស័យសុខាភិបាលនេះ គឺជាវិស័យមួយដែលមានអាទិភាពខ្ពស់ ហើយបានចូលរួមចំណែកក្នុងការកាត់បន្ថយនូវភាពក្រីក្រ ហើយនឹងផ្ដល់ឱ្យប្រជាពលរដ្ឋនូវសុខភាព និងសុខមាលភាពល្អ ដើម្បីជាកត្តាចម្បងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។ ដូច្នេះហើយទើបពី ១ឆ្នាំ ទៅ ១ឆ្នាំ មន្ត្រីសុខាភិបាល បានផ្លាស់ប្ដូរការគិត និងរបៀបធ្វើការងារផងដែរ នូវអ្វីដែលថ្មី រហូតដល់ទទួលបានទទួលលទ្ធផលល្អប្រសើរដូចបច្ចុប្បន្ននេះ៕