(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះផ្តល់ប្រាក់កម្ចី ដែលជាថវិការបស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារក្រីក្រ គ្រួសារជនពិការ និងស្ត្រីមេម៉ាយចំនួន៥០គ្រួសារ នៅស្រុកចុងកាល់។

នៅក្នុងឱកាសនោះ លោក ឃិន ញ៉ាណ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីលោក ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ដែលជានិច្ចជាកាលតែងតែគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្រីក្រ ស្ត្រីមេម៉ាយ ជនពិការ ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ។

លោក ឃិន ញ៉ាណ បានថ្លែងថា សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានចុះផ្តល់ប្រាក់កម្ចីដែលជាថវិការបស់កាកបាទក្រហមកម្ពុជា ជាប្រាក់កម្ចីខ្នាតតូចជូនដល់គ្រួសារពិការ ស្ត្រីមេម៉ាយ គ្រួសារក្រីក្រ ចំនួន៥០ករណី ដែលក្នុង១ករណីអាចកម្ចីបានថវិកាចំនួន១លានរៀល ដោយមិនមានការប្រាក់។

លោក ឃិន ញ៉ាណ បានបញ្ជាក់ថា ប្រាក់កម្ចីដែលផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ សម្រាប់យកទៅប្រកបមុខរបរផ្សេងៗនៅពេលនេះ មិនមែនជាអំណោយនោះទេ ហើយបងប្អូនអាចកម្ចីរហូតដល់រយៈពេល១ឆ្នាំ ដោយមិនមានការប្រាក់ និងត្រូវសងត្រឡប់មកវិញរយៈពេល៦ខែម្តង ដោយទឹកប្រាក់ចំនួន១លានរៀល ត្រូវសងមកវិញចំនួន២លើក លើកទី១រយៈពេល៦ខែ សង៥០ម៉ឺនរៀល និងលើកទី២រយៈពេល៦ខែទៀត ត្រូវសង៥០ម៉ឺនរៀលទៀត ដើម្បីកាកបាទក្រហមកម្ពុជាយកទៅបង្វិលជូនបងប្អូនក្រីក្រកម្ចីបន្តទៀត។

លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋយើង ក្រោយពីទទួលបានថវិកាកម្ចីនេះហើយ ត្រូវខិតខំពង្រីកមុខរបរ ដូចជាកសិកម្ម ចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។

ក្នុងនាមលោក ប៉ែន កុសល្យ ក៏ដូចជាមន្ត្រី សមាជិក សមាជិកា អ្នកស្ម័គចិត្តកាកបាទក្រហមកម្ពុជាទូទាំងខេត្ត លោក ឃិន ញ៉ាណ សូមគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺ៕