(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានបញ្ជាក់ឲ្យដឹងថា ក្រសួងមានមហិច្ចតា ចង់រៀបចំប្រព័ន្ធថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ឲ្យក្លាយទៅជាប្រព័ន្ធរួមមួយ សម្រាប់ប្រើប្រាស់ នៅក្នុងតំបន់អាស៊ាន។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត ផ្ដល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ពាក់ព័ន្ធថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ ក្នុងពេលលោកទើបត្រឡប់មកដល់កម្ពុជា បន្ទាប់ពីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកបានប្រាប់ថា នៅកំឡុងពេលលោក អញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ នៅប្រទេសសិង្ហបុរី លោកបានជជែកគ្នា ជាមួយរដ្ឋមន្ត្រីឌីជីថលអាស៊ានទាំងអស់ ដោយថ្ងៃក្រោយ អាចនឹងប្រើប្រាស់ប្រព័ន្ធ verify.gov.kh របស់កម្ពុជានេះ នៅក្នុងប្រទេសនីមួយៗ និងអាចគ្រប់គ្រងប្រព័ន្ធនេះ ដោយខ្លួនគេបាន ហើយប្រទេសមួយចំនួន ក៏មានការចាប់អារម្មណ៍ផងដែរ។

លោក ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានជជែកគ្នា ជាមួយរដ្ឋមន្ត្រីឌីជីថលអាស៊ានទាំងអស់ ពេលដែលខ្ញុំចូលរួមប្រជុំនេះ គឺយើងបានជជែកគ្នាថា ថ្ងៃក្រោយទៅ យើងអាចនឹងប្រើប្រាស់ប្រព័ន្ធនេះ នៅក្នុងប្រទេសមួយៗ យកទៅប្រើប្រាស់ ហើយគេគ្រប់គ្រងប្រព័ន្ធនេះខ្លួនគេ ដែលប្រទេសមួយចំនួន មានការចាប់អារម្មណ៍»។

លោកបន្ដថា «មានប្រទេសមួយ បានឈានដល់ការចរចារ MoU ហើយ ខណៈប្រទេស៣ទៀត កំពុងតែឲ្យអ្នកជំនាញមើល ដូច្នេះបើសិនការងារនេះ បានសម្រេច គឺយើងអាចយកប្រព័ន្ធនេះ ទៅដាក់ឲ្យប្រើប្រាស់ នៅគ្រប់ប្រទេសអាស៊ានទាំងអស់ ហើយយើងបាននឹងរៀបចំ ឲ្យក្លាយទៅជាប្រព័ន្ធរួមមួយ សម្រាប់យើងប្រើប្រាស់ទាំងអស់គ្នា នៅក្នុងអាស៊ាន»

«មានន័យថា ឯកសារទាំងអស់ពីកម្ពុជា គឺយើងមិនមានការព្រួយបារម្ភ នៅពេលដែលយើងប្រើប្រាស់ នៅក្នុងប្រទេសផ្សេង ឬក៏ប្រទេសផ្សេង ឯកសារទាំងអស់ដែលឆ្លងកាត់ នៅប្រព័ន្ធនេះ គឺមកប្រើប្រាស់ប្រទេសកម្ពុជា ដោយអត់មានការព្រួយបារម្ភថា ក្លែងក្លាយឯកសារ»។ នេះជាការបញ្ជាក់បន្ថែម របស់លោក ជា វ៉ាន់ដេត។

បន្ថែមពីនោះទៀត លោក ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ប្រព័ន្ធថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះ បើសិនជាយើងធ្វើការបានល្អ យើងអាចសន្សំលុយ ក្នុងមួយឆ្នាំៗ នៅក្នុងប្រទេសកម្ពុជា រាប់រយលានដុល្លារ និងនៅទូទាំងអាស៊ាន រាប់រយលានដុល្លារដូចគ្នាផងដែរ។

លោក ជា វ៉ាន់ដេត បានលើកឡើងថា នេះជាគោលដៅ ដែលក្រសួងចង់ឲ្យប្រព័ន្ធនេះ ឲ្យក្លាយទៅជាប្រព័ន្ធរួម នៅក្នុងតំបន់អាស៊ាន ហើយសម្រាប់ភ្ជាប់ទៅនឹងប្រព័ន្ធអន្ដរជាតិ និងគោលដៅទីពីរ គឺធ្វើយ៉ាងម៉េច ដើម្បីឲ្យប្រជាពលរដ្ឋ ហើយអ្នកប្រើប្រាស់ទាំងក្រុមហ៊ុន ទាំងវិស័យរដ្ឋ គឺប្រើប្រាស់ប្រព័ន្ធនេះ នៅក្នុងប្រទេសកម្ពុជាច្រើន។

សូមបញ្ជាក់ថា ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដារ ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់ នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដារនេះ មិនតម្រូវឲ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លង ក្នុងទម្រង់ជាក្រដាសឡើយ៕