(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអំពាវនាវដល់ស្ថាប័នរដ្ឋ-ឯកជនទាំងអស់ មកសុំសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដោយឥតគិតថ្លៃ និងមានប្រសិទ្ធភាព។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត ផ្ដល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ពាក់ព័ន្ធថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ ក្នុងពេលលោកទើបត្រឡប់មកដល់កម្ពុជា បន្ទាប់ពីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ស្ថាប័នរដ្ឋ-ឯកជនទាំងអស់ បើចង់ឲ្យឯកសាររបស់ខ្លួន មានភាពត្រឹមត្រូវច្បាស់លាស់ មានជំនឿទុកចិត្តដល់អ្នកទទួលឯកសារ និងប្រើប្រាស់សេវា គឺសូមសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីប្រើប្រាស់ប្រព័ន្ធនេះ ហើយអត់មានអស់ថវិកានោះទេ»

លោក ជា វ៉ាន់ដេត បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចនៅតែបន្ដយកចិត្ដទុកដាក់ ពីសម្ដេចតេជោ ហ៊ុន សែន នូវការងារអភិវឌ្ឍន៍ បច្ចេកវិទ្យាឌីជីថល ដែលធ្វើឲ្យមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាក្រសួងទទួលបន្ទុកការងារ បច្ចេកវិទ្យាឌីជីថលនេះ កាន់តែមានសមត្ថភាព។

ទន្ទឹមគ្នានេះ លោក ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ក្រសួងនឹងបន្ដខិតខំបណ្ដុះបណ្ដាល អ្នកជំនាន់ថ្មីទៀត ដើម្បីចូលមកធ្វើការងារ នៅក្នុងវិស័យនេះ ឲ្យបានកាន់តែច្រើន ដើម្បីធ្វើម្ដេចឲ្យប្រទេសកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែង ផ្នែកបច្ចេកវិទ្យាឌីជីថល ជាមួយនឹងប្រទេសក្នុងតំបន់ និងលើពិភពលោក។

លោក ជា វ៉ាន់ដេត បានថ្លែងថា «បច្ចេកវិទ្យាផ្សេងៗ យើងមិនអាចប្រកួត ជាមួយគេផ្សេងបានទេ ប៉ុន្ដែបច្ចេកវិទ្យាឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា អាចមានលទ្ធភាពមានសមត្ថភាព ក្នុងការប្រកួតប្រជែងជាមួយគេ»

សូមបញ្ជាក់ថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងត្រូវបានដាក់ឲ្យប្រើក្នុងគោលបំណង លុបបំបាត់ការក្លែងបន្លំ ឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្ត ជាអន្តរជាតិ។

ការផ្ទៀងផ្ទាត់ឯកសារនៅលើ ថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដារ ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់ នៅលើសន្លឹក នៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដារនេះ មិនតម្រូវឲ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លង ក្នុងទម្រង់ជាក្រដាសឡើយ៕