(ស្វាយរៀង)៖ អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង បានទទួលចំណាត់ការលើសំណុំ រឿងព្រហ្មទណ្ឌលេខៈ៤៨ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤មានជនពាក់ព័ន្ធ៦នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

*ទី១៖ ឈ្មោះ កូវ ស៊ុនដាំង (KAV SUN DANG) អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ត្រូវដាក់ឲ្យស្ថិតនៅ ក្រោមការពិនិត្យពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងពីបទប្រើប្រាស់អាវុធដោយគ្មាន ការអនុញ្ញាតប្រព្រឹត្តនៅក្រុងបាវិត ខេត្តស្វាយរៀងកាលពីអំឡុងខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា៤០ កថាខណ្ឌទី៦ កថាខណ្ឌទី៧ មាត្រា៤៨ កថាខណ្ឌទី៥ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៨ មាត្រា២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។

*ទី២៖ ឈ្មោះ ង្វៀង ង៉ុកញឹស៊ី (NGUYEN NGOC JHI EIV) ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីអំឡុងខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឲ្យផ្ដន្ទាទោស តាមមាត្រា៤៥ និងមាត្រា៤៨ កថាខណ្ឌទី៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

*ទី៣៖ឈ្មោះង្វៀង ធីវ៉េ (NGUYEN THI HUE) ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម។
*ទី៤៖ ឈ្មោះ ង៉ូ រ៉ាំងលីញ (GHO VANG LINH) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម។
*ទី៥៖ ឈ្មោះ ង្វៀង ធឿហ្វាង (NGUYEN THU HOANG) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម។
*ទី៦៖ ឈ្មោះ លី មីហាន់ (LY MY HANH) ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិវៀតណាម។ ទាំង៤នាក់ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ សមគំនិតក្នុងអំពើជួញដូរ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីអំឡុងខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោស តាមមាត្រា២៩ ក្រមព្រហ្មទណ្ឌ និងមាត្រា៤០ ៤៥ និងមាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនត្រូវចោទទាំង៦នាក់ ក្រោយពីការសួរចម្លើយ និងពិនិត្យភស្តុតាងមានសារធាតុញៀនទម្ងន់១,០៦៥.៧៥ក្រាម និងអាវុធខ្លី១ដើមម៉ាក GLOCK 19 GEN4 ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ និងចាត់ការសំណុំរឿងនេះបន្តតាមច្បាប់៕