(កំពង់ធំ)៖ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានទទួលចាត់ការលើសំណុំរឿងពីស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយមន្ត្រីនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្ទោង កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ស្ថិតត្រង់ចំណុចភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បណ្តាលមានជនរងគ្រោះម្នាក់បានស្លាប់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រោយពីបានពិនិត្យស្រាវជ្រាវភស្តុតាងបានបញ្ជាក់ថា ជនបង្កមានឈ្មោះ អែម សំអុន អាយុ៥៥ឆ្នាំ មានមុខរបរជាអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្ទោង ពិតជាបានបើកបរស្ថិតក្នុង ស្ថានភាពស្រវឹង បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមានជនរងគ្រោះម្នាក់បានស្លាប់ប្រាកដមែន។

បន្ទាប់ពីបានស៊ើបសួររួចមក ជនត្រូវចោទខាងលើត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ សម្រេចបង្គាប់ឲ្យឃុំខ្លួន តាមដីកាបង្គាប់ឃុំខ្លួនលេខៈ១១៥ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «បើកបរមានល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន និងបើកបរធ្វេសប្រហែស ខ្ជីខ្ជា ធ្វេសប្រហែសមិន ប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបណ្ដាលឲ្យស្លាប់អ្នកដទៃ»។

បច្ចុប្បន្នជនត្រូវចោទខាងលើ កំពុងស្ថិតក្រោមការឃុំ ខ្លួនក្នុងពន្ធនាគារខេត្តកំពង់ធំ រង់ចាំចំណាត់ការនីតិវិធីបន្តរបស់តុលាការ៕