(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤សប្ដាហ៍ក្រោយនេះ សាលាឧទ្ធរណ៍ភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងឧក្រិដ្ឋជន ដែលចាប់បង្ខាំងជនជាតិចិន ជំរិតទារប្រាក់រហូតដល់១០លានដុល្លារ ពីបទ «បង្ខាំងមនុស្សដោយខុសច្បាប់ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។
ពាក់ព័ន្ធករណីនេះ ជនរងគ្រោះក៏សូមអំពាវនាវដល់សាលាឧទ្ទរណ៍ មេត្តាជួយរកយុត្តិធម៌ជូនពួគគាត់។
គួរជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ បានសម្រេចផ្ដន្ទាទោសក្រុមឧក្រិដ្ឋជនជនជាតិចិន ចំនួន៨នាក់ ដែលចាប់ជំរិតទារប្រាក់នេះ ដោយផ្ដន្ទាទោសចាប់ពី១៨ឆ្នាំ ដល់២២ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្តទៅដើមបណ្ដឹងរដ្ឋប្បវេណី ១០០លានរៀល និងសងប្រាក់ ចំនួន២៥ម៉ឺនដុល្លារ។
សូមរំលឹកថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជាផ្លូវការ ទៅលើក្រុមឧក្រិដ្ឋជនជនជាតិចិន ចំនួន៥នាក់ ដែលចាប់បង្ខាំងជនជាតិចិន ជំរិតទារប្រាក់រហូតដល់១០លានដុល្លារពីបទ «បង្ខាំងមនុស្សដោយខុសច្បាប់ ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។
ឧក្រិដ្ឋជនជនជាតិចិនទាំងអស់នេះ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីបង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារលុយប្រមាណ១០លានដុល្លារ នៅអគារស្កាយវីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ទាក់ទិនករណីនេះ មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News បន្ថែមដែរថា ករណីនេះក្រុមជនល្មើស បានចាប់ជំរិតទារប្រាក់ពីជនរងគ្រោះរហូតដល់១០លានដុល្លារ មិនមែន១លានដុល្លារនោះទេ។
ករណីចាប់បង្ខាំងដើម្បីជំរិតទារប្រាក់១០លានដុល្លារនេះ បានកើតឡើងនៅម៉ោង២យប់រំលងអាធាត្រ ចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ពេលនោះក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ បានប្រើប្រាស់រថយន្តម៉ាក Vellfire ពាក់ផ្លាកលេខភ្នំពេញ 2BQ-0560 (ផ្លាកលេខក្លែងក្លាយ) និងផ្លាកលេខភ្នំពេញ 2BT-1768 ប្រដាប់ដោយអាវុធគ្រប់ដៃ។
បន្ទាប់ពីបានទទួលបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានចារកម្ម និងនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានប្រតិបត្តិការបង្ក្រាបករណីនេះនៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣៕