(បែលហ្ស៊ិក)៖ នៅទីក្រុងព្រុចសែល ព្រះរាជាណាចក្របែលហ្ស៊ិក នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី ៣។

វេទិកានេះ ត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០២២ ជាវេទិកាសម្រាប់ឲ្យរដ្ឋសមាជិកសហភាពអឺរ៉ុប ពិភាក្សាអំពីការអនុវត្តយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងសមាជិកអាស៊ាន។ ឆ្នាំនេះ វេទិកាផ្តោតលើបញ្ហាដែលជាការប្រឈមផ្នែកភូមិសាស្ត្រនយោបាយ និងសន្តិសុខ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក វិបុលភាពរួម ភាពធន់ផ្នែកសេដ្ឋកិច្ច និងការវនិយោគ ព្រមទាំងការពន្លឿនការផ្លាស់ប្តូរបៃតង និងថាមពល។

លោកអគ្គលេខាធិការអាស៊ាន បានថ្លែងសន្ទរកថា ដែលគូសបញ្ជាក់ពីការចូលរួមចំណែករបស់អាស៊ាន ចំពោះសន្តិភាព និងស្ថិរភាពតំបន់ ក៏ដូចជាវិបុលភាពរបស់ប្រជាជនអាស៊ាន ចំពេលតំបន់នេះកំពុងប្រឈមនឹងបរិយាកាសយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយដែលកំពុងវិវត្តន៍ និងកំពុងលេចឡើង ដូចជាការកើនឡើងនៃឌីជីថលនីយកម្ម និងតម្រូវការឲ្យមានបរិស្ថានកាន់តែស្អាត និងមានភាពបៃតងជាងមុន។ លោកក៏ទទួលស្គាល់ពីទំនាក់ទំនងកាន់តែជិតស្និទ្ធកាន់តែខ្លាំង រវាងអាស៊ាន និងសហភាពអឺរ៉ុប ចំពេលកំពុងប្រឈមបញ្ហាទាំងអស់នេះ។

ដោយឡែកពីនេះ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Maros Sefcovic អនុប្រធាន European Green Deal and Interinstitutional Relations and Foresight។ កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហការដែលអាចធ្វើទៅបានរវាងអាស៊ាន និងសហភាពអឺរ៉ុបដើម្បីទាញប្រយោជន៍ទៅវិញទៅមកកាន់តែច្រើនសម្រាប់ប្រជាជនអាស៊ាន និងអឺរ៉ុប ជាពិសេសប្តេជ្ញារួមគ្នាលើការបម្រែបម្រួលអាកាសធាតុ រួមទាំង តាមរយៈគំនិតផ្តួចផ្តើមបៃតងអឺរ៉ុបអាស៊ាន (TEI)។

លុះនៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានបន្ដជួបពិភាក្សាការងារជាមួយ លោកស្រី Anne-Marie Descôtes អគ្គលេខាធិការក្រសួងការបរទេសបារាំង។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្ត ដើម្បីពង្រឹងភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-បារាំង តាមរយៈគម្រោងសហប្រតិបត្តិការនានា រួមទាំងគោលបំណងរបស់បារាំង ក្នុងការបង្កើតមូលនិធិអាស៊ាន-បារាំង។ ភាគីទាំងពីរបានអំពាវនាវឲ្យធ្វើការជិតស្និទ្ធរួមគ្នា ដើម្បីអនុវត្តវិស័យសហប្រតិបត្តិការជាក់ស្តែងអាស៊ាន-បារាំង ឆ្នាំ២០២២-២០២៦។

លោក កៅ គឹមហួន បានបន្ដជួបពិភាក្សាការងារជាមួយ បណ្ឌិត Tobias Lindner អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ កិច្ចពិភាក្សាបានស្វាគមន៍ភាពជាដៃគូ ដែលមានយូរលង់មកហើយរវាងអាស៊ាន និងអាល្លឺម៉ង់ តាមរយៈភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-អាល្លឺម៉ង់ និងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប។ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តក្នុងការរក្សាទំនាក់ទំនងដ៏វិជ្ជមាន តាមរយៈបន្ទាត់សកម្មភាពនៃវិស័យសហប្រតិបត្តិការជាក់ស្តែងអាស៊ាន-អាល្លឺម៉ង់ឆ្នាំ២០២២-២០២៦ ក៏ដូចជា កិច្ចសហការ និងសហប្រតិបត្តិការលើវិស័យដែលជាប្រយោជន៍ទៅវិញទៅមក។

ក្រោយមកលោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី ២៤ ដែលមានការចូលរួមពីបណ្តារដ្ឋមន្ត្រីការបរទេសពីប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុប។ លោកអគ្គលេខាធិការអាស៊ាន បានជម្រាបជូនបណ្តារដ្ឋមន្ត្រីស្តីពីទិដ្ឋភាពរួមនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប សមិទ្ធផលនៃទំនាក់ទំនង ដែលមានជាយូរលង់មកហើយរវាងអាស៊ាន និងសហភាពអឺរ៉ុប ព្រមទាំងបានគូសបញ្ជាក់ពីតម្រូវការរក្សាទំនាក់ទំនងដែលទទួលបានវឌ្ឍនភាពគ៏ឱ្យកត់សម្គាល់នេះ។ លោកបណ្ឌិត ក៏បានបញ្ជាក់សាជាថ្មី ពីការត្រៀមខ្លួនរួចរាល់របស់លេខាធិការដ្ឋានអាស៊ាន ក្នុងការសម្របសម្រួលភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប និងការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុបឆ្នាំ២០២៣-២០២៧។

តមកលោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោកស្រី Hanke Bruins Slot រដ្ឋមន្ត្រីការបរទេសព្រះរាជាណាចក្រហូឡង់។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានរំលឹកឡើងវិញ នូវការផ្តល់ឋានៈជាដៃគូអភិវឌ្ឍន៍ ដល់ហូឡង់កាលពីពេលថ្មីៗនេះ ហើយបានពិភាក្សារកមធ្យោបាយដើម្បីបង្កើនភាពជាដៃគូ តាមរយៈកិច្ចសហការ និងកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលក្នុងវិស័យដែលជាប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពដែលអាចបញ្ចូលវិស័យមួយចំនួន ទៅក្នុងវិស័យកិច្ចសហប្រតិបត្តិការជាក់ស្តែងអាស៊ាន-ហូឡង់ ផងដែរ។

លោកបណ្ឌិតអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោកស្រី Elina Valtonen រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូរវាងអាស៊ាន និងហ្វាំងឡង់ តាមរយៈការកំណត់វិស័យសហការ និងសហប្រតិបត្តិការនានាដែលអាចធ្វើទៅបាន ហើយមានប្រយោជន៍ទៅវិញទៅមក តាមរយៈក្របខណ្ឌទ្វេភាគីផង និងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុបផង៕