(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចុះពិនិត្យទីតាំងជាក់ស្តែង ដែលកម្លាំងសមត្ថកិច្ចកំពុងឈរជើងការពារទប់ស្កាត់ និងការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ដើម្បីត្រួតពិនិត្យសកម្មភាពលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹកដោយខុសច្បា់បបន្ត ពីសំណាក់ជនខិលខូចមួយចំនួន។

ពិធីនេះអមដំណើរដោយថ្នាក់ដឹកនាំ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារ ចាប់ពីចំណុចឃុំទីតាំងទី១៖ ឃុំក្របីក្រៀក (គ្រប់ដណ្តប់ ឃុំឈូក និងឃុំជំនីក), ទីតាំងទី២៖ តំបន់ពស់អំបែង (គ្រប់ដណ្តប់ឃុំទួលស្នួល), ទីតាំងទី៣៖ តំបន់ចម្ការចិន (គ្រប់ដណ្តប់ ឃុំ ប៉ើស១ ឃុំប៉ើស២ និងឃុំស្វាយ) និងទីតាំងទី៤៖ តំបន់ខ្នងព្រែក (គ្រប់ដណ្តប់ ឃុំក្រូចឆ្មារ ឃុំទ្រា និងឃុំព្រែកអាជី)។

សូមបញ្ជាក់ថា នៅក្នុងឱកាសសួរសុខទុក្ខនោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានឧបត្ថម្ភស្បៀងអាហារបន្ថែមទៀត ក្នុង ១ទីតាំង មានដូចជា៖ អង្ករ ១០០គីឡូ ទឹកត្រី២យួរ ទឹកស៉ីអ៉ីវ ២យួរ មី ៧កេស ត្រីខ ៥យួរ ធុងទឹក១ និងតង់ ចំនួន ១ផងដែរ ដល់កងកម្លាំងចម្រុះទាំង ៤ទីតាំង នៅក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ដាក់បទបញ្ជាដល់កម្លាំងចម្រុះទាំងអស់ ចុះល្បាតជាប្រចាំ នៅតាមគោលដៅនីមួយៗ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹកដែលជាសម្បត្តិរបស់រដ្ឋនេះ ២៤ម៉ោង/២៤ម៉ោង តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ហើយបើមានការប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវតែចាប់ខ្លួនភ្លាមៗ ដោយបន្តស្រាវជ្រាវវែកមុខរកជនពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

លោកអភិបាលខេត្ត ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រានទៅលើដីនៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ សូមខិតខំជួយការពារ និងអភិរក្សធនធានធម្មជាតិ និងជីវសាស្ត្រចម្រុះនានានៅតំបន់ព្រៃលិចទឹក ឱ្យបានគង់វង្ស ទុកសម្រាប់បម្រើជាឧត្តមប្រយោជន៍សាធារណៈ។ ជាក់ស្ដែងប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឃើញសកម្មភាពដែលជនខិលខូចកំពុងតែធ្វើសកម្មភាព អ្វីមួយនៅលើដីតំបន់បីដែលជាដីរបស់រដ្ឋសូមរាយការណ៍មកអាជ្ញាធរមូលដ្ឋានដើម្បីចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា៕