(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លើកឡើងថា គ.ជ.ប បានត្រៀមកិច្ចការរួចរាល់ ១០០ភាគរយហើយ ដើម្បីបើកយុទ្ធនាការ ចុះឈ្មោះបោះឆ្នោតឃុំប្រឹក្សា ឃុំសង្កាត់ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី០១ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខ។
ការបញ្ជាក់បែបនេះរបស់លោក ហង្ស ពុទ្ធា ខណៈលោកចូលរួមនៅក្នុងកម្មវិធីសិក្ខាសាលា ស្តីពីការផលិតវីដេអូ និងពិធីប្រគល់រង្វាន់ ដល់ជ័យលាភីផលិតវិដេអូអប់រំខ្លី ស្តីពីការចុះឈ្មោះបោះឆ្នោត នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ឲ្យដឹងថា «គ.ជ.ប បានត្រៀមកិច្ចការរបស់ខ្លួនរួចរាល់ហើយ ដើម្បីបើកយុទ្ធនាការ ចុះឈ្មោះបោះឆ្នោតឃុំប្រឹក្សា ឃុំសង្កាត់ នៅទូទាំងប្រទេស។ ជាក់ស្តែងកាលពីម៉ោង ២៖០០ រសៀលថ្ងៃនេះ ក្រុមការងារ គ.ជ.ប បានសាកល្បងការបញ្ចូន ទិន្នន័យទៅតាមបណ្តាខេត្ត។ ការសាកល្បងនេះ ក៏ទទួលបានជោគជ័យទាំងអស់»។
លោក ហង្ស ពុទ្ធាអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់បន្ថែមថា «សម្រាប់អ្នកសង្កេតការបោះឆ្នោតគណបក្ស ដែលហៅថា ភ្នាក់ងារគណបក្សបានចុះឈ្មោះនៅតាមឃុំ សង្កាត់ដើម្បីសង្កេតការណ៍ នៅទីនោះ។ ចំណែកអ្នកសង្កេតការណ៍ ចេញពីអង្គការសង្គមស៊ីវិលវិញ ត្រូវចុះឈ្មោះនៅ គ.ជ.ប នារាជធានីភ្នំពេញតែម្តង ហើយការចុះឈ្មោះសង្កេតការណ៍ ខាងអង្គការសង្គមស៊ីវិល គឺធ្វើឡើងតាមអង្គភាព»។
សូមជំរាបថា នៅសល់តែមិនប៉ុន្មានថ្ងៃនោះទេ ការចុះឈ្មោះបោះឆ្នោតឃុំប្រឹក្សា ឃុំសង្កាត់ នឹងឈានមកដល់ពោលគឺ នៅថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខ។ លោក ហង្ស ពុទ្ធា បានអំពាវនាវឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេស អញ្ជើញទៅចូលរួម ចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អទាំងអស់គ្នា៕