(ភ្នំពេញ)៖ នៅសប្តាហ៍ក្រោយនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកសន្និបាត​បូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤។ សន្និបាតនេះ មានរយៈ​ពេល​ពីរ​ថ្ងៃ គឺថ្ងៃទី៥ និង៦ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមការជូនព័ត៌មានរបស់ក្រសួងបានឱ្យដឹងថា លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៨៖០០ព្រឹក។ រីឯពិធីបិទប្រព្រឹត្តិទៅនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៨៖០០ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រសួងបានឱ្យដឹងទៀតថា ក្នុងសន្និបាតនេះ នឹងមានបទអន្តរាគមន៍ស្តីពីសមិទ្ធផលការងារដែល​សម្រេច​បានក្នុងឆ្នាំ២០២៣ បញ្ហាប្រឈម និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់អង្គភាពជំនាញ​ក្រោម​ឱវាទក្រសួង។ បន្ទាប់ពីបទអន្តរាគមន៍ក៏នឹងមានការចូលរួមផ្តល់មតិយោបល់ពីថ្នាក់ដឹកនាំដោយ​ផ្ដោត​លើ​បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៤ សម្រាប់អង្គភាព និងនាយកដ្ឋាន​ជំនាញ របស់ក្រសួងដែលត្រូវយកចិត្តទុកដាក់ និងខិតខំដោះស្រាយតាមផែនការជាយុទ្ធសាស្ត្ររបស់​ក្រសួង សំដៅលើកកម្ពស់វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅកម្ពុជាឱ្យកាន់តែប្រសើរ​ឡើងថែម​ទៀតក្នុងឧត្តម ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕