(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅសប្ដាហ៍កន្លងទៅនេះ ត្រូវបានជ្រើសរើសជាប្រធានប្រតិភូដឹកនាំ ប្រតិភូតំណាងប្រទេសឡាវ ភូមា ម៉ាឡេស៊ី ប៉ាគីស្ថាន ស្រីលង្កា និងវៀតណាម បានជួបសម្ដែងការគួរសម ជាមួយអភិបាលក្រុងម៉ាកាវ លើកិច្ចពិភាក្សាការងារ លើវិស័យទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម។
ក្នុងនោះដែរ លោកអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាល និងធ្វើបទបង្ហាញពីសក្តានុពលការរីកចម្រើន និងតម្រូវការការអភិវឌ្ឍងក្នុងខេត្ត ដល់អ្នកវិនិយោគ៥០ក្រុមហ៊ុន ក្នុងក្រុងម៉ាកាវ ក្នុងគោលបំណង់ទាក់ទាញវិនិយោគិន មកវិនិយោគ លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម នៅខេត្តសៀមរាប។
បន្ថែមពីនេះលោក ឃឹម ប៊ុនសុង បានបន្តដឹកនាំប្រតិភូទាំង៦ប្រទេស ជួបសម្តែងការគួសមជាមួយ អភិបាលខេត្តហៃណាន ហើយបានចុះហត្ថលេខា លើលិខិតផ្ដួចផ្ដើមស្ដីពីការ បង្កើតសម្ព័នមេត្រីភាព រវាងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងខេត្តសៀមរាប ដើម្បីឈានទៅចុះ អនុស្សារណៈយោគយល់គ្នានាពេលខាងមុខ ក្នុងការជម្រុញការទំនាក់ទំនង មិត្តភាពប្រជាជន និងប្រជាជន ព្រមទាំងលំហូរនៃសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងភាគីទាំងពីរ ដោយផ្លាស់ប្តូរ កិច្ចសហប្រតិបត្តការ ក្នុងវិស័យទេសចរណ៍ កសិកម្ម នេសាទ វប្បធម៌ អប់រំ និងវិស័យផ្សេងៗទៀត។
សូមបញ្ជាក់ថា ក្នុងជំនួបសំណេះសំណាលខាងលើ លោកអភិបាលខេត្ត បានធ្វើបទបង្ហាញពីការរីកចម្រើន និងតម្រូវការការអភិវឌ្ឍ ជាមួយវិស័យឯកជនដែល មានធុរជន ក្នុងខេត្តហៃណាន ៣០ក្រុមហ៊ុន មានចំណាប់អារម្មណ៍ដោយផ្តោតទៅលើវិស័យវិនិយោគ លើសេវាកម្មទេសចរណ៍ ពាណិជ្ជកម្ម និងកសិកម្ម នៅខេត្តសៀមរាបផងដែរ៕