(កំពត)៖ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថាន និងអាជ្ញាធរខេត្តកំពត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ បាននាំយកកូនកោងកាង ចំនួន ២ម៉ឺន៥ពាន់ដើម ទៅដាំលើផ្ទៃដីឆ្នេរចំនួន ២ហិកតាកន្លះ នៅឆ្នេរមាត់់សមុទ្រ ក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
ពិធីនេះដឹកនាំពីលោក ស៊ូ សូវុធ អនុរដ្ឋលេខាធិការ តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក សូត យា អភិបាលរង ខេត្តកំពត ព្រមទាំងជួរថ្នាក់ដឹកនាំ តាមស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុន ប្រជាពលរដ្ឋ និងបណ្តាក្រុមយុវជនយ៉ាងកុះករផងដែរ។
តាមឯកសាររបស់ក្រសួងបរិស្ថាន ក្នុងកម្មវិធីប្រារព្ធការដាំកោងកាងនាពេលនេះ គោលបំណងបង្កើនជីវសាស្ត្រ ចម្រុះក្នុងតំបន់ ព្រមទាំងលើកស្ទួយជីវភាពប្រជានេសាទតាមតំបន់ឆ្នេរ និងរួមទាំងទប់ស្កាត់ នូវគ្រោះធម្មជាតិនានាក្នុងតំបន់ផងដែរ។ លោក ស៊ូ សូវុធ បានថ្លែងថា «ការស្តារឡើងវិញនូវគម្រប ព្រៃកោងកាងនេះ បានបញ្ជាក់អំពីការចូលរួមអនុវត្តនូវ គោលនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេស ផែនការយុទ្ធសាស្ត្រ ស្តីពីការប្រែប្រួលអាកាសធាតុ ឆ្នាំ ២០១៤-២០២៣ ដែលជាសក្ខីភាព និងជាសមិទ្ធិផល នៃកិច្ចសហការ រវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ជាមួយវិស័យឯកជន»៕