(ភ្នំពេញ)៖ ក្រុមហ៊ុនស៊ីងបាយអូថេក (ខេមបូឌា) គឺជាក្រុមហ៊ុនខ្មែរដំបូងគេ ដែលបានបោះទុនវិនិយោគលើចម្ការឈើដាំ។ ក្រុមហ៊ុនទទួលបានសិទ្ធិប្រើប្រាស់ដីព្រៃរបស់រដ្ឋ សម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីឆ្នាំ២០១១ លើផ្ទៃដីសរុបទំហំ ៣៤,០០៧ហិកតា ដែលជាដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ការវិនិយោគលើចម្ការឈើដាំមានផលលំបាក និងស្មុគស្មាញខ្លាំង បើធៀបជាមួយការវិនិយោគលើវិស័យដទៃទៀត។ សម្រាប់កម្ពុជា ក្រុមហ៊ុនស៊ីងបាយអូថេក ដែលមានអ្នកវិនិយោគជាជនជាតិខ្មែរ ដោយសហការជាមួយជនជាតិបរទេស គឺជាក្រុមហ៊ុនដំបូងគេបានទម្លុះទម្លាយការលំបាកបង្កើតឧស្សាហកម្មចម្ការឈើដាំនេះឡើង។
នៅពេលសួរពីមូលហេតុដែលនាំឱ្យទម្លាក់ទុនវិនិយោគក្នុងចម្ការឈើដាំដែលជាឧស្សាហកម្មដ៏ស្មុគស្មាញមួយនោះ លោក ជា ពៅ ថ្នាក់ដឹកនាំមួយរូបនៃក្រុមហ៊ុនស៊ីងបាយអូថេក បានគូសរំលេចថា ការដែលលោកដាក់ទុនវិនិយោគលើចម្ការឈើដាំ ដោយសារតែលោកជាអ្នកមានជំនាញលើការដាំដុះឈើ។ បន្ថែមពីលើនោះ លោកបានមើលឃើញកម្ពុជាមានផ្ទៃដីជាសក្តានុពលខ្ពស់ដល់ការដាំឈើ ជាពិសេសនោះ លោកមានបំណងរួមចំណែកបង្កើតគម្របព្រៃឈើនៅកម្ពុជាដែលបាត់បង់ឡើងវិញ។
បញ្ហាព្រៃឈើជារឿងរសើបសម្រាប់សង្គមកម្ពុជា ហើយការធ្វើឧស្សាហកម្មដាំឈើជារឿងចម្លែកសម្រាប់សង្គមកម្ពុជាផងដែរ។ ដូច្នេះបញ្ហា និងឧបសគ្គជាច្រើនក្លាយជារណាំងសម្រាប់ការវិនិយោគចម្ការឈើដាំ។ ក្រៅពីបញ្ហាកង្វះអ្នកជំនាញហើយនោះ ការធ្វើឱ្យមន្ត្រីពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋមានភាពជឿជាក់ទៅលើការវិនិយោគរបស់ក្រុមហ៊ុន ក៏ជារឿងលំបាកផងដែរ។
ដោយសុឆន្ទៈចង់ឱ្យកម្ពុជាទាញបានប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងបរិស្ថានពីឧស្សាហកម្មដាំឈើ ក្រុមហ៊ុនស៊ីងបាយអូថេក បានជម្នះរាល់ឧបសគ្គ និងការលំបាកទាំងឡាយក្នុងការដាំដុះឈើនេះ។ បច្ចុប្បន្នផ្ទៃដីប្រមាណ១ម៉ឺន ៥ពាន់ហិកតា ស្មើនឹងកូនឈើប្រមាណជា ២០លានដើម ត្រូវបានក្រុមហ៊ុនដាំរួចរាល់ ហើយឈើមួយចំនួនចាប់ផ្តើមប្រមូលផលផងដែរ។
ការវិនិយោគចម្ការឈើដាំរបស់ក្រុមហ៊ុនស៊ីងបាយអូថេក មិនត្រឹមតែរួមចំណែកទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ និងការបង្កើតគម្របព្រៃឈើជួយដល់បរិស្ថានប៉ុណ្ណោះទេ ចម្ការឈើដាំនេះ បានរួមចំណែកផ្តល់ការងារ ផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ហើយក៏បានបង្កើតប្រព័ន្ធផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិផលរបស់ពួកគេផងដែរ។
លោក ឈិត ណន មេឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានមើលឃើញថា ក្រុមហ៊ុនស៊ីងបាយអូថេក មានឆន្ទៈច្បាស់លាស់ក្នុងការវិនិយោគ ហើយបានដាំដុះឈើជាក់ស្តែង។ បន្ថែមពីលើសនោះ ការវិនិយោគរបស់ក្រុមហ៊ុនបានផ្តល់ផលប្រយោជន៍ធំពីរ ទីមួយការផ្តល់ការងារ និងប្រាក់ឈ្នួលសមរម្យ និងទីពីរ ក្រុមហ៊ុនបានសាងសង់ផ្លូវសម្រួលការធ្វើការដំណើរ និងការដឹកជញ្ជូនកសិកផល ដែលពីមុនជួបការលំបាកខ្លាំង។
បើតាមលោក ឈិត ណន ការវិនិយោគចម្ការឈើដាំរបស់ក្រុមហ៊ុនស៊ីងបាយអូថេក ក៏បានរួមចំណែកលុបបំបាត់សកម្មភាពកាប់ឈើធម្មជាតិផងដែរ។ បន្ថែមពីលើនោះ បន្ទាប់ពីមានការងារធ្វើនៅក្នុងចម្ការឈើដាំរបស់ក្រុមហ៊ុនស៊ីងបាយអូថេកហើយនោះ ប្រជាពលរដ្ឋមួយចំនួនបានបោះបង់របរចូលព្រៃកាប់ឈើ។
ការវិនិយោគ ការបង្កើតឧស្សហកម្មនានា ជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ហើយវារឹតតែសំខាន់ថែមទៀតសម្រាប់ប្រជាពលរដ្ឋនៅតាមទីជនបទដាច់ស្រយាល។ ការវិនិយោគចម្ការឈើដាំរបស់ក្រុមហ៊ុនស៊ីងបាយអូថេកនេះ បានរួមចំណែកផ្តល់ការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋ និងជួយឱ្យពួកគេមានប្រភពចំណូលច្បាស់លាស់ទ្រទ្រង់ដល់ជីវភាព។
អ្នកស្រី ឡុច សារិន ជាប្រជាពលរដ្ឋរស់នៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានចូលមកបម្រើការងារនៅរោងចក្រក្តារបន្ទះរបស់ក្រុមហ៊ុនស៊ីងបាយអូថេក ជាមួយនឹងស្វាមី។ អ្នកស្រី និងស្វាមីអាចរកបានប្រាក់ឈ្នួលម្នាក់បានជាង ១លានរៀលក្នុងមួយខែ។
អ្នកស្រី ឡុច សារិន បានគូសបញ្ជាក់ថា នៅតាមទីជនបទការរកការងារធ្វើជារឿងមួយលំបាក។ ដូច្នេះការវិនិយោគរបស់ក្រុមហ៊ុនស៊ីងបាយអូថេក ធ្វើឱ្យអ្នកស្រីមានចំណូលទៀងទាត់ ដើម្បីដោះស្រាយបញ្ហានានាក្នុងជីវភាព និងចិញ្ចឹមជីវិត។
ចម្ការឈើដាំមានគុណតម្លៃ និងគុណប្រយោជន៍ខ្ពស់សម្រាប់សេដ្ឋកិច្ចជាតិ បរិស្ថាន និងការងារសម្រាប់ប្រជាពលរដ្ឋ។ បណ្តាប្រទេសមានការរីកចម្រើនទាំងនៅអឺរ៉ុប និងតំបន់អាស៊ី បានជំរុញការធ្វើឧស្សាហកម្មចម្ការឈើដាំ ដើម្បីយកផលឈើដាំបំពេញការប្រើប្រាស់របស់ប្រជាពលរដ្ឋ រកចំណូលទ្រទ្រង់សេដ្ឋកិច្ចជាតិ បង្កើតគម្របព្រៃឈើ ដែលជាចំណែកដ៏សំខាន់សម្រាប់បរិស្ថាន ជាពិសេសរួមចំណែកកាត់បន្ថយសកម្មភាពកាប់បំផ្លាញព្រៃឈើធម្មជាតិ។ ឧស្សាហកម្មចម្ការឈើដាំ ក៏ត្រូវបានអ្នកបរិស្ថាននិយមគាំទ្រ និងលើកទឹកចិត្តផងដែរ។
ដោយយោងតាមការសិក្សា និងប្រឡូកក្នុងកិច្ចការព្រៃឈើអស់ជាច្រើនឆ្នាំ លោក ជា ពៅ បានឱ្យដឹងថា កម្ពុជាមានសក្តានុពលខ្ពស់លើការវិនិយោគចម្ការឈើដាំនេះ។ លោក បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីរង្វង់ប្រមាណ២លានហិកតា ដែលអាចវិនិយោគធ្វើចម្ការឈើដាំស្ថិតនៅភាគឦសាន និងនិរតីប្រទេស។
សម្រាប់លោក ជា ពៅ បើមានកិច្ចគាំទ្រពីរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ កម្ពុជាចំណាយពេលរង្វង់ប្រមាណតែ១៥ឆ្នាំប៉ុណ្ណោះ នឹងទទួលបានផលត្រឡប់មកវិញពីចម្ការឈើដាំនេះ។ លោក ជា ពៅ បានមើលឃើញថា បើការវិនិយោគលើចម្ការឈើដាំទទួលបានជោគជ័យ នឹងរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋរង្វង់មួយលាននាក់ ហើយអាចផ្តល់ប្រយោជន៍សេដ្ឋកិច្ចសម្រាប់ជាតិក្នុងមួយឆ្នាំមិនក្រោម៥ពាន់លានដុល្លារនោះឡើយ។
លោក ជា ពៅ ចង់ឃើញកម្ពុជាពង្រីកការដាំដុះ និងចាប់យកសក្តានុពលពីចម្ការឈើដាំឱ្យអស់លទ្ធភាព។ លោក បានបញ្ជាក់ដែរថា ក្រុមហ៊ុនលោកបានត្រៀមលក្ខណៈសម្បត្តិ ដាក់ចិត្តដាក់កាយពង្រីកការដាំដុះបន្ថែមទៀត ដើម្បីបង្កើនលទ្ធភាពផ្គត់ផ្គង់ទីផ្សារឈើកែច្នៃ។ ដើម្បីសម្រេចការងារនេះទៅបាន សម្រាប់លោក ជា ពៅ គឺទាមទារឱ្យមានការគាំទ្រខ្ពស់ពីរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នដែលពាក់ព័ន្ធ៕