(បាត់ដំបង)៖ លោក សុខ លូ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចាត់ឱ្យក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនលោកតា ហ៊ុល អឿន អាយុ៧៣ឆ្នាំ (ពោះម៉ាយ) មានមុខរបជាអ្នករត់ម៉ូតូឌុប ដែលរងគ្រោះដោយសារអគ្គិភ័យ កាលពីវេលាម៉ោង៧:០០នាទីយប់ថ្ងៃទី១ ខែកុម្ភៈ ស្ថិតនៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង មូលហេតុមកពីចរន្តអគ្គិសនីបណ្តាលឱ្យខូចខាតទាំងស្រុង ប៉ុន្តែ មិនបានបង្កឱ្យនរណាម្នាក់រងគ្រោះថ្នាក់ និងរាលដាល់ដល់ផ្ទះអ្នកជិតខាងនោះទេ។

ក្រុមការងារនេះដឹកនាំដោយលោក ផេង សិទ្ធី សមាជិកគណៈកម្មាធិការសាខា និងសហការីដោយមានការនិមន្តចូលរួមពីព្រះភិក្ខុសីលវឌ្ឍោ សុខ រី ព្រះធម្មធរអនុគណក្រុងបាត់ដំបងផងដែរ។

ក្នុងឱកាសនោះ លោក ផេង សិទ្ធី បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោក សុខ លូ  អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងការសោកស្តាយចំពោះហេតុការណ៍ខាងលើនេះ ជាពិសេសផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នកុំឱ្យមានករណីអគ្គិភ័យ និងសូមថែទាំសុខភាពឱ្យបានល្អ បន្តប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។

លោកបានបន្តថា ជានិច្ចកាល សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ជាក់ស្តែងដូចជាករណីនេះជាដើម ។ 

លោកក៏បានអំពាវនាវ ក៏សូមឱ្យគ្រួសាររងគ្រោះកាត់ចិត្ត កុំអស់សង្ឃឹម ឱ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ព្រមទាំងសូមអំពាវនាវក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយត័្នឱ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គិភ័យនេះ ។

ជាកិច្ចឆ្លើយតប លោកតា ហ៊ុល អឿន មានសេចក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក សុខ លូ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខ លើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ។ លោកតាក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ដែលបានជួយអន្តរាគមន៍ និងដោះស្រាយបានទាន់ពេលវេលា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ។

អំណោយមនុស្សធម៌ដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះទទួលបាន៖ អង្ករ ១០០ គីឡូក្រាម, មី២ កេស, ទឹកស៊ីអីវ២យួរ, ត្រីខ ២ យួរ, ទឹកត្រី២យួរ, ឃីត១កញ្ចប់ (មុង ,ភួយ,ក្រមា,សារុង) សំពត់តង់១ និងសម្ភារផ្ទះបាយ មួយចំនួនព្រមទាំងថវិកាមួយចំនួនផងដែរ៕