(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅវេលាថ្ងៃត្រង់ ថ្ងៃសុក្រទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិសារអាហារការងារថ្ងៃត្រង់ជាមួយ គណៈប្រតិភូធុរកិច្ចជប៉ុនដឹកនាំដោយ លោក យូស៊ីហ៊ីសា ស៊ូហ្ស៊ូគិ (Yoshihisa Suzuki) ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅភោជនីយដ្ឋានតូក្យូ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចនៅកម្ពុជារបស់គណៈប្រតិភូធុរកិច្ចជប៉ុន។

ក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន៧ បានអញ្ជើញចូលរួមពិសារអាហារការងារថ្ងៃត្រង់នេះ។ កិច្ចពិភាក្សាផ្តោតជាសំខាន់ទៅលើការពង្រីកទំនាក់ទំនងធុរកិច្ចកម្ពុជា-ជប៉ុន និងទាក់ទាញវិនិយោគិនជប៉ុនបន្ថែមទៀតមកកម្ពុជា។

នៅក្នុងជំនួបនោះ គណៈប្រតិភូជប៉ុន បានបង្ហាញនូវសេចក្តីសោមនស្ស
រីករាយ ចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា និង ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍យ៉ាងកក់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជប៉ុនមកកាន់កម្ពុជា និងបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អប្រសើររវាងជប៉ុននិងកម្ពុជា ដែលឆ្នាំ២០២៣ គឺខួបអនុស្សាវរីយ៍លើកទី ៧០ ឆ្នាំនៃទំនាក់ទំនងកាទូតរបស់ប្រទេសទាំងពីរ។ ជប៉ុន គឺជាដៃគូវិនិយោគនិងពាណិជ្ជកម្មដ៏ចម្បង និងយូរអង្វែងរបស់កម្ពុជាដោយមានការប្តេជ្ញាខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

អ្នកឧកញ៉ាប្រធាន បានលើកឡើងអំពីការវិនិយោគដ៏ជោគជ័យរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា និងជំរុញទឹកចិត្តវិនិយោគិនជប៉ុនស្វែងរកកាលានុវត្តភាពធុរកិច្ច និងបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា។ អ្នកឧកញ៉ាប្រធាន បានសង្កត់ធ្ងន់ថា ដោយអនុវត្តន៍តាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី សភាពាណិជ្ជកម្មកម្ពុជា តែងជំរុញនិងគាំទ្រដល់សកម្មភាពធុរកិច្ចនិងការវិនិយោគពីគ្រប់ប្រទេសទូទាំងពិភពលោក។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តាមរយៈទូរស័ព្ទលេខ ០១២-៧៧៨៨៧៩ ឬ តាមរយៈអ៉ីម៉ែល [email protected]