(កំពង់ស្ពឺ)៖ សាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (PKO) ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំពិធីសូត្រមន្តប្រោះព្រហ្មដើម្បីសុំសេចក្តីសុខដល់កងកម្លាំងវិស្វកម្មពហុជំនាញលេខ៨៣៦ ដែលត្រូវចេញបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋលីបង់ និងកងកម្លាំងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៩៨ ទី២ ចេញបំពេញបេសកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល។
ជាទំនៀមទំលាប់របស់សាលាហ្វឹកហ្វឺនពហុជាតិ រៀងរាល់មុនពេលចេញដំណើរ តែងតែប្រារពិធីសូត្រូមន្តប្រោះព្រហ្មលើករាសី ជូនដល់កងកម្មាំងរក្សាសន្តិភាព ដើម្បីបូងសូងដល់វត្ថុសាសិទ្ធក្នុងលោកតាមថែរក្សា ប្រសិទ្ធពរជ័យ ដល់កងកម្លាំងទាំងអស់ មានសុខភាពល្អ និងជោគជ័យគ្រាប់ភារកិច្ចជូនជាតិមាតុភូមិ។
ពិធីនេះមានការចូលរួមពីសំណាក់ឧត្តមសេនីយ៍ឯក ហួត គឹមសាន អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជានាយកសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ លោកនាយករង លោកស្រីមេបញ្ជាការកងវិស្វកម្មពហុជំនាញលេខ៨៣៦ លោកមេបញ្ជាការកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៩៨ ទី២ និងនាយទាហាន នាយទាហានរង ដែលជាកងកម្លាំងរក្សាសន្តិភាពជាច្រើនរូបទៀត ។
ក្រោយពីពិធីសូត្រមន្តប្រោះព្រំចប់ ឧត្តមសេនីយ៍ឯក ហួត គឹមសាន ព្រមទាំងនាយទាហាន នាយទាហានរងទាំងអស់ បានប្រគេនបច្ឆ័យកសាងវត្ត និងទេយវត្ថុមួយចំនួនជូនដល់ព្រះសង្ឈផងដែរ។
សូមបញ្ជាក់ផងដែរថា កងកម្លាំងវិស្វកម្មពហុជំនាញលេខ៨៣៦ និងត្រូវធ្វើការប្តូរវេនកងវិស្វកម្មពហុជំនាញលេខ៨២៧ ទៅកាន់សាធារណរដ្ឋលីបង់ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ចំណែកឯ កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៩៨ ទី២ និងត្រូវចេញបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ៕