(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ លើជនសង្ស័យ២នាក់ ម្នាក់ជានគរបាលចរាចរណ៍ខេត្តស្ទឹងត្រែង ក្រោយសមត្ថកិច្ចបង្ក្រាបបានពេលត្រួតពិនិត្យរឹតបន្ដឹងច្បាប់ចរាចរណ៍ ហើយរកឃើញគ្រឿងញៀនក្នុងរថយន្ដ។

សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខមន្ទីរពេទ្យជោរ ផ្លូវជាតិលេខ១ ក្នុងបេសកកម្មត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ រួមជាមួយម្សៅក្រាមពណ៌សថ្លា ចំនួន៥កញ្ចប់ធំ ទម្ងន់៤,៩៧៣.៨០ក្រាម និងម្សៅម៉ដ្ឋពណ៌កាហ្វេ ចំនួន១០០កញ្ចប់តូច ទម្ងន់២,៥២៨ក្រាម ដែលសង្ស័យថាជាគ្រឿងញៀន ដែលជនសង្ស័យដឹកតាមរថយន្ត បើកឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ច។

ឆ្លងតាមលទ្ធផល នៃការធ្វើតេស្តបឋមរបស់សមត្ថកិច្ចបានបង្ហាញថា ម្សៅក្រាមពណ៌សថ្លាជាគ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ចំណែកម្សៅម៉ដ្ឋពណ៌កាហ្វេជាគ្រឿងញៀន ប្រភេទម៉ិចស្តាស៊ី (MDMA) ដែលស្ថិតនៅក្នុងតារាងទី៣ និងតារាងទី២ នៃតារាងឧបសម្ព័ន្ធច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ក្រោយពីទទួលបានសំណុំរឿងពីសមត្ថកិច្ច និងបន្ទាប់ពីបានស៊ើបអង្កេតល្អិតល្អន់ និងគ្រប់ជ្រុង ជ្រោយលើភ័ស្តុតាងនានាតំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង២នាក់ខាងលើ ពីបទ «រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» តាមបញ្ញត្តិមាត្រា៤៨ និងមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕