(ស្វាយរៀង)៖ យុវជន២នាក់ ឈ្លោះគ្នាតាមបណ្ដាញសង្គម Facebook រួចណាត់កាប់គ្នា បានបណ្ដាលឲ្យម្នាក់រងរបួសធ្ងន់ ហើយស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរយៈពេល២ថ្ងៃ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍បង្កអំពើហិង្សានេះ បានកើតឡើងតាំងពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចបន្ដថា ក្រោយកើតហេតុភ្លាមៗ ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែដោយសាររបួសធ្ងន់ធ្ងរពេក ជនរងគ្រោះស្លាប់នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២ឥ២៤។

បើតាមសមត្ថកិច្ចមូលដ្ឋាន ជនរងគ្រោះដែលស្លាប់ឈ្មោះ វ៉ាត់ ប៊ុនលាភ។ ដើមចមនៃអំពើហិង្សានេះ គឺដោយសារពួកគេបានឈ្លោះគ្នាតាម Facebook ហើយឈ្មោះ វ៉ៃ សារិទ្ធ បានណាត់ជាមួយភាគីម្ខាងទៀតឈ្មោះ សួន មករា ប៉ុន្ដែដល់វេលាណាត់ឈ្មោះ វ៉ៃ សារិទ្ធ បានឌុបជនរងគ្រោះ វ៉ាត់ ប៊ុនលាភ ទៅជាមួយ លុះដល់ចំណុចកើតហេតុឈ្មោះ សួន មករា បានកាប់ពីក្រោយចំក្បាលជនរងគ្រោះ វ៉ាត់ ប៊ុនលាភ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ជុំវិញហេតុការណ៍នេះ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ វ៉ៃ សារិទ្ធ និងឈ្មោះ សួន មករា ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕