(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធររាជធានី-ខេត្តទូទាំងប្រទេស យកចិត្តទុកដាក់ខ្ពស់លើការងារព័ត៌មាន និងសាធារណៈមតិ ជាពិសេសមន្ទីរព័ត៌មាន ត្រូវពង្រឹងតួនាទីរបស់ខ្លួនដើម្បីជាសេនាធិការរបស់រដ្ឋបាលរាជធានី-ខេត្ត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំយ៉ាងដូចនេះនាឱកាសដែលសម្តេចដឹកនាំសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីពិភាក្សា ឆ្លង និងអនុម័តនូវរបៀបវារៈចំនួន៥។

នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូចនេះថា «ណែនាំឱ្យរាជធានី-ខេត្តទូទាំងប្រទេសយកចិត្តទុកដាក់ខ្ពស់លើការងារព័ត៌មាននិង សាធារណៈមតិ ជាពិសេសមន្ទីរព័ត៌មានត្រូវពង្រឹងតួនាទីរបស់ខ្លួនដើម្បីជាសេនាធិការរបស់រដ្ឋបាលរាជធានី-ខេត្តក្នុងគោលបំណងផ្សព្វផ្សាយសមិទ្ធផលការងាររបស់ខ្លួនឱ្យប្រជាពលរដ្ឋបានជ្រាបកាន់តែទូលំទូលាយ»

សូមជម្រាបដែរថា ពាក់ព័ន្ធនឹងបញ្ហាការងារព័ត៌មាន និងសាធារណៈមតិនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានណែនាំឲ្យបង្កើតក្រុមការងារពិសេស ផ្នែកផ្សព្វផ្សាយដើម្បីជួយដល់ការផ្សាយរបស់រាជធានី-ខេត្ត ដើម្បីឆ្លើយតបបានរហ័ស និងមានប្រសិទ្ធភាពទាំងរឿងវិជ្ជមាន និងរឿងអវិជ្ជមាន។ ក្នុងនោះសម្ដេចធិបតីបានថ្លែងថា ព័ត៌មានអវិជ្ជមានគេចេះវេចខ្ចប់ ធ្វើឱ្យមានការចាប់អារម្មណ៍ ដោយឡែកព័ត៌មានវិជ្ជមានអត់ចេះវេចខ្ចប់ឱ្យគេចាប់អារម្មណ៍សោះ។

សម្តេចធិបតី ធ្លាប់បានណែនាំឲ្យប្រើប្រាស់មន្ទីរព័ត៌មានជាសេនាធិការ ព័ត៌មាន ក្រសួងព័ត៌មាន មន្ទីរព័ត៌មាន កុំឲ្យដើរតួនាទីជាអ្នកប្រមូល និងចែកចាយព័ត៌មាន ត្រូវដើរតួនាទីជាអ្នកធ្វើការងារសាធារណៈមតិ បុរេសកម្ម កុំចាំបាច់មានរឿងមួយដែលផ្ទុះខ្លាំងហើយ បានទៅពន្លត់តាមក្រោយ។ ការដោះស្រាយមានតាមដំណាក់កាលនីមួយៗ មិនចាំបាច់មានរឿងអ្វីបន្ដិចក៏ឡើង ដល់ថ្នាក់ជាតិនោះទេ ត្រូវដោះស្រាយតាមដំណាក់កាល។

សម្តេចធិបតី ក៏ធ្លាប់បានបញ្ជាក់ដែរថា ចំពោះរឿងសាធារណៈមតិ ជារឿងដែលត្រូវធ្វើជាប្រចាំ បើយើងធ្វើរឿងល្អតែមិនផ្សព្វផ្សាយ ប្រជាពលរដ្ឋមិនបានដឹងនោះទេ ប៉ុន្ដែព័ត៌មានអវិជ្ជមានបែរជាត្រូវបានផ្សាយ ដូច្នេះប្រជាពលរដ្ឋបានដឹងតែរឿងអវិជ្ជមាន ដូច្នេះអ្វីដែលប្រជាជនទទួលបានឃើញតែរឿងអវិជ្ជមានទាំងអស់ កុំភ្លេចថា បេះដូងបានកើតចេញពីភ្នែក និងត្រចៀក ភ្នែកមើលឃើញ ត្រចៀកស្ដាប់លឺជាប្រចាំនឹងហូរចូលដល់ខួរក្បាល បន្ទាប់មកបានចូលមកបេះដូងតាមក្រោយ៕