(ភ្នំពេញ)៖ សេចក្តីព្រាងអនុក្រឹត្យចំនួន២ និងសេចក្តីព្រាងច្បាប់១ ត្រូវបានរាជរដ្ឋាភិបាលអនុម័ត នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាមលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ និងអនុក្រឹត្យទាំង៣នេះរួមមាន៖

* សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ដែលមាន ១៨ជំពូក និង ២៧៥មាត្រា។ សេចក្តីព្រាងច្បាប់នេះកំណត់អំពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែកម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

វិសាលភាពនៃសេចក្តីព្រាងច្បាប់នេះ គឺអនុវត្តចំពោះនាវា នាវិក កំពង់ផែ ម្ចាស់ នាវាឬម្ចាស់នាវាភារវេទកិច្ច យានដ្ឋាននាវា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសកម្មភាពដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុង ដែនដី និងដែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែនាវា កំពង់ផែ និងឋបនីយភណ្ឌរបស់កង កម្លាំងមានសមត្ថកិច្ចនៃក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានកំណត់ជាការងារអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បញ្ចកោណទី២ មុំទី២ ត្រង់ចំណុចទី៤ ដែលបានរំលេចយ៉ាងច្បាស់ពីការពន្លឿនការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូន តាមផ្លូវទឹក និងកំពង់ផែ។

* សេចក្តីព្រាងអនុក្រឹត្យស្ដីពីការកែសម្រួលអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ កាលពីអំឡុងកិច្ចប្រជុំពិនិត្យដោះស្រាយក្នុងវិស័យទេសចរណ៍ និងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី បានដាក់ចេញគំនិតផ្តួចផ្តើម និងវិធានការសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាទេសចរណ៍ ដោយប្រគល់ភារកិច្ចជូនក្រសួងទេសចរណ៍ ដើម្បីរៀបចំកែសម្រួលរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចនៃយន្តការក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាឡើងវិញ ដោយត្រូវបង្កើតយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃក្នុងទម្រង់ភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ឈរលើគោលការណ៍ជួយគិត ជួយធ្វើ និងឆន្ទៈម្ចាស់ការ។

ក្រសួងទេសចរណ៍ក៏បានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីសិក្សាស្រាវជ្រាវ និងពិភាក្សាក្នុងការកែសម្រួល អនុក្រឹត្យលេខ៥៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឱ្យស្របតាមសេចក្តីត្រូវការជាក់ស្ដែង នៃការអភិវឌ្ឍទេសចរណ៍កម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាភាគីពាក់ព័ន្ធនានាប្រកបដោយសង្គតិភាពផ្នែកច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។

អនុក្រឹត្យដែលត្រូវបានអនុម័តកែសម្រួលនេះមានចំនួន ៥មាត្រា រួមមានមាត្រា១ថ្មី បញ្ញត្តិអំពីបទប្បញ្ញត្តិទូទៅមាត្រា២ថ្មី បញ្ញត្តិអំពីតួនាទី និងភារកិច្ចរបស់ ក.ផ.ផ. មាត្រា១០ថ្មី បញ្ញត្តិអំពីការបង្កើតគណៈកម្មការនានា និងក្រុមការងារជំនាញមួយចំនួនតាមការចាំបាច់ មាត្រា១២ថ្មី បញ្ញត្តិអំពីអង្គភាពប្រតិបត្តិរបស់ ក.ផ.ផ. មាត្រា១៥ថ្មី បញ្ញត្តិអំពីកំណត់នូវបៀវត្ស លាភការ ថ្លៃបំពេញការងារ និងការចំណាយផ្សេងៗរបស់ ក.ផ.ផ.។

* សេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដា្ឋនកិច្ចការ ព្រំដែនអនុក្រឹត្យស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលមាន១៣ជំពូក និង៣៧មាត្រា។ អនុក្រឹត្យនេះ ត្រូវបានតាក់តែងឡើងស្របតាមការកំណត់ក្នុងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលត្រូវបានអនុម័តដោយស្ថាប័ននីតិប្បញ្ញត្តិ និងប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/ ១០២៣/០១៨ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ មាត្រា៦ នៃច្បាប់នេះចែងថា ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវកំណត់ដោយអនុក្រឹត្យ។

ផ្អែកលើមូលដ្ឋានសមិទ្ធផលព្រំដែនដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងមានសារៈសំខាន់បំផុតដែលសម្រេចបាននាពេលកន្លងមក ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងដើម្បីបន្តជំរុញ និងលើកកម្ពស់កិច្ចការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលមានលក្ខណៈអចិន្ត្រៃយ៍មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថភាពពេញលេញជំនួសឱ្យអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន។

ក្រៅពីអនុម័តសេចក្តីព្រាងច្បាប់ និងអនុក្រឹត្យទាំងនេះ រាជរដ្ឋាភិបាល ក៏បានពិភាក្សាឆ្លង របាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខ នៃការរៀបចំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានអនុម័តលើ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិបញ្ញត្តិលើសេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមពៀងម៉ារ៉ាកេស ស្ដីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផលផងដែរ៕