តារាសម្ដែង ហង្ស ម៉ារ៉ានី និងក្រុមការងារ នាំយកអំណោយឧបត្ថម្ភ ដល់កុមារកំព្រា និងក្រីក្រនៅសាលាដូង ចំនួន ២៣០នាក់
29-08-2016 17:21
(ភ្នំពេញ)៖ តារាសម្ដែងកញ្ញា ហង្ស ម៉ារ៉ានី ដែលគេស្គាល់នាងថា ជាយុវជនគំរូរបស់កម្ពុជា ក្នុងការធ្វើសកម្មភាពសប្បរសធម៌នានានោះ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ កញ្ញា និងក្រុមការងារបាននាំយក អំណោយមួយចំនួន ទៅចែកជូនដល់សិស្សសាលាដូង ដែលមានទីតាំងស្ថិតនៅ ភូមិរលោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ ដែលជាកុមារកំព្រា និងកុមារក្រីក្រ កំពុងតែជួបប្រទះនូវភាពខ្វះខាត ទាំងគ្រឿងឧបភោគបរិភោគ និងសំភារៈសិក្សា។
អំណោយដែលកញ្ញា ផ្ដល់ជូនទៅដល់សិស្សសាលាដូងរួមមាន ក្នុងម្នាក់ទទួលបាននូវ ថវិកាចំនួន១០០០០រៀល សំភារៈសិក្សា សំភារៈកីឡា គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ (OKF Choco Latte) និងលោកគ្រូអ្នកគ្រូទទួលបាន ភេសជ្ជៈចំនួន២ កេសផងដែរ។
ក្នុងឱកាសនេះដែរ កញ្ញា ហង្ស ម៉ារ៉ានី និងក្រុមការងារ បានសម្ដែងនូវក្តីអាណិតអាសូរ ទៅដល់កុមារកំព្រា និងកុមារក្រីក្រ ដែលកំពុងរស់នៅក្នុងសាលាដូងនេះ។ ជាមួយគ្នានេះ កញ្ញារីករាយយ៉ាងខ្លាំង ដែលបានជួយទៅដល់កុមារ និងស្នើដល់សប្បុរជននានា ទាំងក្នុង និងក្រៅប្រទេស សូមជួយឧបត្ថម្ភដល់កុមារ និងលោកគ្រូអ្នកគ្រូ ក្នុងសាលាដូងនេះផង៕