(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីតាមដានអំពីផែនការសកម្មភាព និងបានជំរុញដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក អាជ្ញាធរ ទាំងអស់ត្រូវពង្រឹងសមត្ថភាពការងាររបស់ខ្លួនឱ្យប្រសើឡើងបន្ថែមទៀត ក្នុងការម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីអភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ប្រធានច្រកទ្វារព្រំដែនទាំង៦ និងនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរដ្ឋបាលខេត្តព្រៃវែង និងមន្រ្តីរាជការជាច្រើនរូបទៀតនារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។
នាឱកាសនោះដែរ លោកអភិបាលខេត្ត បានជំរុញ និងណែនាំដល់មន្ទីរធនធានទឹកខេត្ត ត្រូវខិតខំក្នុងការជួយសង្គ្រោះស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការទឹកក្នុងការស្រោចស្របស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់។
លោកអភិបាលខេត្ត ក៏បានណែនាំឱ្យអនុគណៈកម្មការរៀបចំ នៅព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ២០២៤ ទាំងអស់ ត្រូវរៀបចំ និងដាក់នៅផែនការសកម្មភាពរបស់អនុគណៈកម្មការទទួលបន្ទុកតាមផ្នែកនីមួយៗសម្រាប់រៀបចំ នៅព្រឹត្តិការសង្ក្រាន្តព្រៃវែងឆ្នាំ២០២៤នេះ ឱ្យទទួលបាននូវភាពសប្បាយរីករាយ និងមានសោភ័ណភាពស្រស់ស្អាតសម្រាប់ប្រជាពលរដ្ឋ ដែលបានអញ្ជើញមកលេងកម្សាន្តនៅក្នុងឱកាសនៃព្រឹត្តិការណ៍សង្ក្រានព្រៃវែងឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង និងបានរៀបចំនេះ។
លោកក៏សូមកោតសរសើរ និងវាយតម្លៃពោះចំពោះការខិតខំប្រឹងប្រែងធ្វើការងារ២០២៤ អស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធអស់រយៈពេលមួយឆ្នាំកន្លងទៅនេះទទួលបានលទ្ធផលគួរជាទីមោទនៈសម្រាប់ឆ្នាំ២០២៣ នឹងត្រូវបន្តរួមគំនិត ស្មារតី ដើម្បីបន្ត ខិតខំអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតសម្រាប់ឆ្នាំ២០២៤នេះ ធ្វើយ៉ាងណាឱ្យស្របទៅនឹងយុទ្ធសាស្ត្រ ចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឱ្យទទួលបានជោគជ័យ៕