(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសគ្រាប់រំសេវសម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប)។
យោងតាមរបាយការណ៍ ឧត្តមសេនីយ៍ទោ ឡេង វណ្ណា បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនដែលមានរយៈពេល១២ថ្ងៃនេះ មានសិក្ខាមចូលរួមចំនួន ១៧នាក់ ក្នុងនោះនារីចំនួន៤នាក់ ដែលទទួលបានការបណ្តុះបណ្តាល ពីយោធាចារ្យបារាំង ចំនួន២រូប។ វគ្គហ្វឹកហ្វឺនដែលទើបបិទបញ្ចប់នេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កងយោធពលខេមរភូមិន្ទផង និងសម្រាប់ប្រជាជនកម្ពុជាផង នោះគឺផ្តល់ចំណេះដឹងថ្មីៗផ្នែកបច្ចេកទេសថែទាំ គ្រាប់រំសេវ និងគ្រឿងផ្ទុះ ក៏ដូចជាធ្វើឱ្យកាន់តែប្រសើរឡើងនូវសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង។
វរសេនីយ៍ត្រី CYPRIEN MARTIN ទីប្រឹក្សាបារាំងអមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងថា ពីពេលនេះតទៅក្នុងលក្ខខណ្ឌចែងក្នុងច្បាប់អន្តរជាតិ សិក្ខាកាមទាំងអស់មានចំណេះដឹងបច្ចេកទេស ក្នុងការគ្រប់គ្រង ទុកដាក់ឃ្លាំងគ្រាប់រំសេវទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងអំឡុងពេលចេញបំពេញបេសកកម្មរបស់អស់លោក ដែលនឹងត្រូវបានប្រគល់ឱ្យក្នុងពេលខាងមុខ។ លោកជឿជាក់ថា សិក្ខាកាមនឹងយកចំណេះដឹងថ្មីៗទាំងនេះទៅអនុវត្តក្នុងពេលឆាប់ៗ។
សម្រាប់ឆ្នាំ២០២៤នេះ ជាខួបលើកទី៣១ ដែលកម្ពុជាធ្លាប់ជាប្រទេសទទួលទាហានមួកខៀវអង្គការសហប្រជាជាតិ ដើម្បីស្វែងរកសុខសន្តិភាពលើទឹកដីដ៏កំសត់ពោរពេញដោយជម្លោះ និងការហែកហួរដោយសារសង្រ្គាម ហើយក្នុងនោះក៏មានទាហានបារាំងចំនួន៤រូប បានពលីជីវិតផងដែរ។ តែពេលនេះកម្ពុជាបានប្រែខ្លួន ជាប្រទេសដែលបញ្ជូនកងកម្លាំងមួកខៀវចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព អសប ពោរពេញដោយសក្តានុពល។ ភាពជោគជ័យនេះ ស្តែងចេញពីការរួមចំណែកជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ពីភាគីបារាំង តាមរយៈការហ្វឹកហ្វឺនកន្លងមកនេះ។
ឧត្តមសេនីយ៍ទោ សែម រតនា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់យោធាចារ្យបារាំង ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួនមកបង្វឹក និងបញ្រ្ជាបធាតុចូលសំខាន់ៗដល់សិក្ខាកាមទាំងអស់។ លទ្ធផលនៃវគ្គហ្វឹកហ្វឺននេះ បានឆ្លុះបញ្ចាំងពីការខិតខំព្យាយាម សិក្សារៀនសូត្រ ក្រេបជញ្ជក់យករាល់ខ្លឹមសារមេរៀនទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីពង្រឹងសមត្ថភាព សុវត្ថិភាព និងឆ្លើយតបនឹងតម្រូវក្នុងតំបន់បេសកកម្ម។
ឧត្តមសេនីយ៍ទោ សែម រតនា បានបន្ថែមថា វគ្គហ្វឹកហ្វឺននេះ ពិតជាមានលក្ខណៈសមស្រប និងមានសារសំខាន់ ក្នុងទិសដៅកសាងពង្រឹងសមត្ថភាព និងការធ្វើនវានុវត្តន៍ចំណេះដឹង និងចំណេះធ្វើ ដល់កម្លាំងមួកខៀវលើជំនាញបច្ចេកទេសថែទាំគ្រាប់រំសេវ និងគ្រឿងផ្ទុះ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ បានបន្តថា វគ្គហ្វឹកហ្វឺននេះ ពិតជាបានឆ្លើយតបនឹងការស្នើសុំពីអង្គការសហប្រជាជាតិ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព។
គួរបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកម្លាំងចូលរួមបេសកកម្មក្រោមឆ័ត្រ អសប សរុបចំនួន៩២៨១នាក់ ដែលក្នុងនោះមាននារីចំនួន៧៦៣នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ មានជាអាទិ៍៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីរី សាយប្រឺស ម៉ាលី យេម៉ែន និងកុងហ្គោ។ បច្ចុប្បន្ន កម្លាំងមួកខៀវកម្ពុជាចំនួន៦៤០នាក់ ក្នុងនោះមាននារីចំនួន១១៥នាក់ ដែលកំពុងបំពេញបេសកកម្មនៅ សាធារណរដ្ឋស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី និងកុងហ្គោ៕