(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ នាំយកអំណោយមនុស្សធម៌ របស់សមាគមន៍ពាណិជ្ជកម្មចិន នៅកម្ពុជាប្រចាំខេត្ត តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនគ្រួសារងាយរងគ្រោះ ១០០គ្រួសារ ក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។
អំណោយដែលលោកស្រី បានផ្ដល់ជូនក្នុងមួយគ្រួសារ ទទួលបាន សារុង១ ក្រមា១ ទឹកដោះគោ១កំប៉ុង សាប៊ូលុច១ដុំ ថ្នាំដុះធ្មេញ ១បំពង់ ច្រាសដុះធ្មេញ១ នំ១ធុង សាប៊ូម្សៅ១កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ប្រេងឆា១ដប ប៊ីចេង ១កញ្ចប់ អំបិល១កញ្ចប់ ស្ករស១កញ្ចប់ ប្រេងកូឡា១ដប អង្ករ២៥គីឡូក្រាម ភួយ១ និងថវិកា៤០,០០០រៀល។
ក្នុងឱកាសនោះដែរ លោកស្រី បានលើកឡើងថា ទោះបីជាអំណោយទាំងនេះ មានចំនួនតិចតួចក្ដី ប៉ុន្ដែវាជាផ្នែកមួយ ជួយកាត់បន្ថយភាពខ្វះខាត របស់បងប្អូនបានមួយកម្រិតផងដែរ។ ទន្ទឹមនឹងនោះ លោកស្រី បានផ្ដែផ្ដាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងនោះថា «ដោយរដូវនេះជារដូវភ្លៀងធ្លាក់ សូមបងប្អូនប្រុងប្រយ័ត្ន ក្នុងការថែរក្សាសុខភាព ក៏ដូចជាការពារកូនចៅ ជៀសវាងពីមូសខាំ ដែលអាចបង្កឲ្យកើតជម្ងឺគ្រុនឈាម»។
ជាមួយគ្នានេះ លោកស្រី បានថ្លែងអំណរគុណដល់ លោកស្រី ប្រធានសមាគមន៍ពាណិជ្ជកម្ម នៅកម្ពុជា ប្រចាំខេត្តសៀមរាប ដែលបានជួយឧបត្ថម និងគាំទ្រដល់សកម្មភាពមនុស្សធម៌ ក្នុងបុព្វហេតុភាពសុខសាន្ត និងសុភមង្គល ដោយមិនមានប្រកាន់ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ៕