(កំពង់ធំ)៖ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើ និងការកាប់ទន្ទ្រានដីព្រៃ នៅសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពីប្រធានអង្គភាព មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរស្រុក និងជំនាញពាក់ព័ន្ធ។ ការកាប់ឈើ និងដឹកជញ្ជូនច្រើនតែធ្វើនៅពេលយប់ ធ្វើឱ្យកម្លាំងជំនាញមិនហ៊ានចុះបង្ក្រាប ហើយកម្លាំងចុះបង្ក្រាបក៏មានតិច ចំណែកអ្នកអាឈើ និងអ្នកដឹកឈើ ខ្លះមានកាំភ្លើងច្នៃ។
ការត្រួតពិនិត្យទៅលើឈ្មួញដែលទិញឈើមិនសូវសកម្ម សមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលនៅឈរជើងនៅតំបន់នោះ ហាក់បីដូចមិនចាប់អារម្មណ៍ មានសភាពធូរលុង បណ្តែតបណ្តោយ ឲ្យសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តធំៗ និងរថយន្តតូរីសលើផ្លូវជាតិ កំពុងតែមានសកម្មភាពយ៉ាងរលូន ដោយពុំមានទប់ស្កាត់អ្វីឡើយ។
លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមិនត្រូវចុះហត្ថលេខាឲ្យប្រជាពលរដ្ឋកាប់ឈើតទៅទៀត ព្រោះករណីនេះ ធ្វើឱ្យឈ្មួញបានខ្ចីដៃប្រជាពលរដ្ឋដឹកឈើចេញជាហូរហែរ ក្នុងតំបន់ព្រៃឡង់។
លោកបានលើកឡើងថា «នេះជាការប្រជុំលើកចុងក្រោយហើយ ខ្ញុំមិនទទួលយកដុំដែកក្តៅមកកាន់តែម្នាក់ឯងទៀតទេ បើខ្មោចស្រុកមិនឲ្យដៃខ្មោចព្រៃ ខ្មោចព្រៃក៏មិនហ៊ានលុកលុយដែរ បើជំនាញមិនឲ្យចេញទេ នោះឈើក៏ចេញមិនចេញរួចដែរ»។
លោកអភិបាលខេត្តថានឹងបង្កើតទីស្នាក់ការបន្ថែម នៅតាមច្រកសំខាន់ក្នុងតំបន់នីមួយៗ ដោយដាក់កម្លាំងបន្ថែមនៅតាមបណ្តាស្រុកនានា សម្រាប់ការទទួលខុសត្រូវ តែកុំឲ្យកន្ទេលធំប្រឡំដេក។
លោកបានបញ្ជាដល់សមត្ថកិច្ច ត្រូវមានឆន្ទៈក្នុងការទទួលខុសត្រូវ, បញ្ចប់ការអនុញ្ញាតឲ្យដឹកឈើចេញពីព្រៃ, ត្រូវចុះស្រង់ដេប៉ូណាដែលមានលក់ឈើ រកប្រភពឲ្យបានច្បាសលាស់ និងធ្វើបច្ចុប្បន្នភាព។ ចំណែកប្រធានអង្គភាព ត្រូវមានចំណាត់ការចំពោះមន្ត្រីដែលបានប្រព្រឹត្តខុសឆ្គង៕