(ភ្នំពេញ)៖ លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានអង្គភាពគ្រប់គ្រងគម្រោងដំណាក់កាលប្រតិបត្តិការ និងថែទាំនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដើម្បីឆ្លើយតបតាមការណែនាំពីសំណាក់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណងជជែកពិភាក្សាស្វែងរកដំណោះស្រាយ ដើម្បីត្រៀមចាត់វិធានការឆ្លើយតបនឹងកាលៈទេសៈដែលមានចរាចរណ៍មមាញឹក ដែលបង្កឱ្យមានការកកស្ទះនៅតាមបញ្ជរទូទាត់ប្រាក់នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងឱកាសថ្ងៃឈប់សម្រាក និងពិធីបុណ្យជាតិផ្សេងៗ នាពេលខាងមុខ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានក្រើនរម្លឹកជាថ្មីអំពីលក្ខខណ្ឌនៃការប្រើប្រាស់ផ្លូវល្បឿនលឿន និងការចេញចូលគន្លងទាំង៣ ប្រភេទ នៅលើផ្លូវល្បឿនលឿនឱ្យបានត្រឹមត្រូវ ដើម្បីគោលការណ៍សុវត្ថិភាព ការជួយកាត់បន្ថយការកកស្ទះ និងមិនចំណាយពេលរង់ចាំយូរ៕