(ភ្នំពេញ)៖ ដើម្បីបំពេញដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចជាជួយដល់បរិស្ថាន បណ្តាប្រទេស​ជាច្រើន​ទាំងនៅតំបន់អឺរ៉ុប និងនៅតំបន់អាស៊ី បានគាំទ្រ និងលើកទឹកចិត្តលើការវិនិយោគចម្ការ​ឈើដាំ។ ការ​ដាំឈើនេះ ក៏ត្រូវបានលើកទឹកចិត្តដោយអ្នកជំនាញផ្នែកបរិស្ថានផងដែរ។

ឈើជាតម្រូវការដ៏ចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្សរួមមានការយកធ្វើជាផ្ទះសម្បែង និងគ្រឿង​សង្ហា​រឹមផ្សេងៗ។ ប្រការនេះបានធ្វើឱ្យឈើធម្មជាតិនៅក្នុងប្រទេសត្រូវបានកាប់ ដើម្បីយកបំពេញ​សេច​ក្តី​ត្រូវការទាំងនោះ។ បន្ថែមដោយការរុករានយកដីបង្កបង្កើនផល និងការធ្វើជំនួញរបស់ឈ្មួញឈើផងនោះ បានធ្វើឱ្យគម្របព្រៃឈើនៅកម្ពុជាកាន់តែរួមតូច។

ដើម្បីចូលរួមទប់ស្កាត់សកម្មភាពខាងលើ ក៏ដូចជាបង្កើតគម្របព្រៃឈើឡើងវិញ អ្នកជំនាញផ្នែកព្រៃឈើ បានមើលឃើញថា ការវិនិយោគលើចម្ការឈើដាំ គឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវតែធ្វើ និងជំរុញកិច្ចគាំទ្រ។

«ចម្ការឈើដាំមានផលប្រយោជន៍ច្រើនលើសលប់។ ទីមួយការដាំឈើ គឺយើងអាចបំពេញនូវការបាត់​បង់​គម្របព្រៃឈើនាពេលកន្លងមក ទីពីរជួយបង្កើតឡើងវិញនូវជីវៈចម្រុះដែលបាត់បង់ និងទី៣ ផ្តល់លទ្ធភាព​ឱ្យប្រជាពលរដ្ឋតាមទីជនបទមានចំណូលចូលជាប្រចាំ»។ នេះជាការលើកឡើងរបស់លោក ជា ពៅ អ្នក​វិនិ​យោគលើចម្ការឈើដាំ។

ដោយយោងតាមការសិក្សា និងប្រឡូកក្នុងកិច្ចការព្រៃឈើអស់ជាច្រើនឆ្នាំ លោក ជា ពៅ បានឱ្យដឹងថា កម្ពុជាមានសក្តានុពលខ្ពស់លើការវិនិយោគចម្ការឈើដាំនេះ។ លោក បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមាន​ផ្ទៃ​ដី​រង្វង់ប្រមាណ២លានហិកតា ដែលអាចវិនិយោគធ្វើចម្ការឈើដាំស្ថិតនៅភាគឦសាន និងនិរតី​ប្រទេស។

សម្រាប់លោក ជា ពៅ បើមានកិច្ចគាំទ្រពីរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ កម្ពុជាចំណាយពេលរង្វង់​ប្រមាណតែ១៥ឆ្នាំប៉ុណ្ណោះ នឹងទទួលបានផលត្រឡប់មកវិញពីចម្ការឈើដាំនេះ។ លោក ជា ពៅ បាន​មើលឃើញថា បើការវិនិយោគលើចម្ការឈើដាំទទួលបានជោគជ័យ នឹងរួមចំណែកផ្តល់ការងារ​ជូន​ប្រជា​ពលរដ្ឋរង្វង់មួយលាននាក់ ហើយអាចផ្តល់ប្រយោជន៍សេដ្ឋកិច្ចសម្រាប់ជាតិក្នុងមួយឆ្នាំមិនក្រោម​៥ពាន់​លាន​ដុល្លារនោះឡើយ។

លោក ជា ពៅ ក៏បានលើកបទពិសោធន៍របស់វៀតណាម ពាក់ព័ន្ធឧស្សាហកម្មចម្ការឈើដាំនេះមក​បង្ហាញ​​ផងដែរ។ បើតាមលោក ជា ពៅ បច្ចុប្បន្ននេះ វៀតណាម អាចរកចំណូលពីឧស្សហកម្ម​ចម្ការ​ឈើ​ដាំរង្វង់ប្រមាណ ១៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយផ្តល់ការងារជូនប្រជាពលរដ្ឋជិត៣លាននាក់។

ដោយមើលពីគុណប្រយោជន៍ខ្ពស់ពីឧស្សាហកម្មចម្ការឈើដាំបែបនេះ លោក ជា ពៅ បានស្នើសុំរាជរដ្ឋាភិ​បាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើ​កិច្ចការ ផ្តល់កិច្ចគាំទ្រ និងគាំពារ ដើម្បីកម្ពុជាទទួលបានជោគជ័យលើឧស្សាហកម្មចម្ការឈើដាំ ដែល​លោកកំពុងតែវិនិយោគនោះ៕