(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យជួញដូរ សារធាតុញៀនម្នាក់ និងដកហូតបានសារធាតុញៀនចំនួន០៨កញ្ចប់ ខណៈជនសង្ស័យកំពុងឈរ លក់នៅម្តុំផ្ទះសំណាក់ស្រែលាភ សង្កាត់បឹងកក់២។

ក្រោយការចាប់ខ្លួន កម្លាំងអាវុធហត្ថ បាននាំខ្លួនជនសង្ស័យ ទៅឆែកឆេរនៅផ្ទះ រកឃើញថ្នាំញៀនចំនួន ២៩កញ្ចប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត តាមបណ្តោយផ្លូវរថភ្លើង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង១១និង០៥នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ដឹកនាំដោយលោក ប៉ាន់ សុភាព នាយការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ ថរាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ គង់ វណ្ណ អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រួមជាមួយគ្រឿងញៀន ៨កញ្ចប់តូច និងទី២ឈ្មោះ បូ វាសនា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំបឹងកក់ តាមបណ្តោយផ្លូវរថភ្លើង ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រកឃើញគ្រឿងញៀនចំនួន ២កញ្ចប់តូចនៅលើផ្ទះ និងរកឃើញគ្រឿងញៀនចំនួន ២៧កញ្ចប់តូច នៅខាងក្រោយផ្ទះជនសង្ស័យ។

ក្រៅពីដកហូតថ្នាំញៀនកម្លាំងអាវុធហត្ថ បានដកហូតម៉ូតូចំនួន ២គ្រឿង ម៉ាកហុងដា ឌ្រីមសង់សេរីឆ្នាំ ២០១៤ សង់សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1CM-7840 និង ម៉ាកហុងដា ឌ្រីមសង់សេរីឆ្នាំ ២០១៦ សង់សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1FZ-1037 ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់រួមទាំងវត្ថុតាង ត្រូវបាននាំយកទៅឃុំខ្លួន បណ្តោះអាសន្ននៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕