(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ការងារឆ្នាំ២០២៣ និងទិសដៅផែនការឆ្នាំ២០២៤ ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៉ីម៉ាក់ បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០២៣កន្លងទៅនេះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC សម្រេចបានលទ្ធផលមានជាអាទិ៍៖ រំដោះផ្ទៃដីចម្ការមីន/គ្រាប់បានចំនួន២,៦០២ ទីតាំង​ មានផ្ទៃដីសរុបចំនួន២៨១,៩៧៥,៣២៨ម៉ែត្រក្រឡា។ លទ្ធផលនេះសម្រេចបាន១១៣.៥៦% ធៀបនឹងផែនការឆ្នាំ២០២៣ មានផ្ទៃដីសរុបចំនួន២៦៨,០៥០,០៩៩ម៉ែត្រក្រឡា។

លោកបន្តថា កិច្ចប្រតិបត្តិការនេះ បានរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សរុបចំនួន៨៣,៨១៤គ្រាប់​ មានប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ និងដោយប្រយោល មានចំនួន៥៤៥,៣៧៨គ្រួសារ។

ក្នុងឆ្នាំ២០២៣កន្លងទៅនេះ អង្គភាព CMAC បានចុះធ្វើការផ្សព្វផ្សាយអប់រំការយល់ដឹងពីមីន/គ្រាប់ដល់ក្រុមគោលដៅ បានចំនួន១៨,៣៤៩លើក ស្មើនឹង៨៧៩,០៤៤ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួម សរុបចំនួន១,៣លាននាក់ផងដែរ។

ដោយឡែក ក្នុងឆ្នាំ២០២៤នេះ អង្គភាព CMAC មានផែនការបោសសម្អាតផ្ទៃដីចម្ការមីន/គ្រាប់ប្រមាណជាង២៧៤គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីចម្ការមីនចំនួន១៩៩គីឡូម៉ែត្រក្រឡា និងផ្ទៃដីចម្ការគ្រាប់ ចំនួន៧៥គីឡូម៉ែត្រក្រឡា ព្រមទាំងផ្ដល់ការអប់រំយល់ដឹង ពីមីនដល់ប្រជាពលរដ្ឋមូលដ្ឋានប្រមាណចន្លោះពី១.៨លាន ទៅ២លាននាក់ និងរៀបចំផែនការស្រាវជ្រាវព័ត៌មានចម្ការមីន/គ្រាប់ផងដែរ៕