(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយវេទិកាដឹកជញ្ជូនអន្តរជាតិ ITF (International Transport Forum) រៀបចំសិក្ខាសាលាស្ទង់មតិជាមួយភាគីពាក់ព័ន្ធស្ដីពី ការលើកកម្ពស់ការតភ្ជាប់ការបញ្ជូនទំនិញក្នុងតំបន់នៅអាស៊ីអាគ្នេយ៍ (Stakeholder Survey Workshop on Enhancing Regional Freight Connectivity for Southeast Asia)។

សិក្ខាសាលានេះដែរ បានធ្វើឡើងនាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងបានប្រព្រឹត្តទៅដោយមានការចូលរួមផ្ទាល់ពីអង្គភាពពាក់ព័ន្ធក្នុងក្រសួង តំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា និងតំណាងសមាគមភស្តុភារកម្មកម្ពុជាប្រមាណ ៤០នាក់ ព្រមទាំងមានការចូលរួមពីតំណាង ITF តាមរយៈប្រព័ន្ធវីដេអូផងដែរ។

សិក្ខាសាលានេះមានគោលបំណងសំខាន់ៗដូចជា៖ ១. ប្រមូលធាតុចូល និងមតិយោបល់ពីអ្នកជំនាញ ភាគីពាក់ព័ន្ធទាំងរដ្ឋ និងឯកជន នៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ដែលទាក់ទងទៅនឹងក្របខណ្ឌគោលនយោបាយផែនការអភិវឌ្ឍន៍ វិស័យអាទិភាព និងបញ្ហាប្រឈមក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ២. កំណត់ភាពខ្វះខាត (Gaps) និងរៀបចំជាអនុសាសន៍ក្នុងក្របខណ្ឌតំបន់ ដើម្បីលើកកម្ពស់ការតភ្ជាប់ការបញ្ជូនទំនិញក្នុងតំបន់នៅអាស៊ីអាគ្នេយ៍។

ថ្លែងនាឱកាសនោះលោក ឡេង ធនយុទ្ធា បានរំលេចនូវសមទ្ធិផលសំខាន់ៗនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមគ្គុទេសក៍ដ៏ល្អឯករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំដ៏ឈ្លៀសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សមទ្ធិផលសំខាន់ៗទាំងនោះរួមមានការអភិវឌ្ឍផ្លូវល្បឿនលឿន ការភ្ជាប់បណ្តាញផ្លូវជាតិ និងផ្លូវខេត្ត គម្រោងអភិវឌ្ឍន៍បណ្តាញផ្លូវទឹក-កំពង់ផែ ការអភិវឌ្ឍអាកាសយាន្តដា្ឋនអន្តរជាតិថ្មីភ្នំពេញ និងសៀមរាប ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី លើការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ការពង្រឹងអភិបាលកិច្ចក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក និងបង្កើតផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ។ល។

លោករដ្ឋលេខាធិការ ក៏បានសម្តែងការអរគុណដល់ក្រុមការងារសម្រាប់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរៀបចំសិក្ខាសាលាដ៏សំខាន់នេះ រួមទាំងសិក្ខាកាមតំណាងអង្គភាពក្នុងក្រសួង អន្តរក្រសួង-ស្ថាប័ន និងតំណាងវិស័យឯកជន ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងអង្គសិក្ខាសាលានេះ។ ជាពិសេសវេទិការដឹកជញ្ជូនអន្តរជាតិ ITF បានផ្តល់ការយកចិត្តទុកដាក់ក្នុងការគាំទ្រលើការសិក្សា និងស្ទង់មតិជាមួយភាគីពាក់ព័ន្ធទាំងរដ្ឋ និងឯកជន ដើម្បីកំណត់អំពីកាលានុវឌ្ឍភាពនៃការបន្តការអភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅក្នុងប្រទេសកម្ពុជា សំដៅឆ្លើយតបបាននូវការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនទំនិញក្នុងតំបន់នៅអាស៊ីអាគ្នេយ៍៕