(អាដែន)៖ ការបំផ្ទុះគ្រាប់បែក នៅទីហ្វឹកហ្វឺនយោធា នៅទីក្រុងកំពង់ផែ Aden ភាគខាងត្បូង ប្រទេសយ៉េមែននោះ បានបណ្តាលឲ្យមនុស្សស្លាប់ កើនឡើងដល់ ៦៥នាក់ហើយ ខណៈក្រុមរដ្ឋអ៊ីស្លាម ISIS បានអះអាងថា ស្ថិតនៅពីក្រោយការវាយប្រហារ ដ៏អាក្រក់នេះ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។
កងកម្លាំងសន្តិសុខប្រចាំទីក្រុង Aden បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែក បានធ្វើឡើងទៅលើ រថយន្តមួយគ្រឿង ដែលចតនៅក្បែរមូលដ្ឋាន យោធាប្រចាំទីក្រុង ដែលជាកន្លែងហ្វឹកហ្វឺនយោធា យ៉េមែន ហើយប្រការនេះត្រូវបានគេសង្ស័យថា ក្រុមអាល់កៃដា ទំនងជាជ្រើសយកសាលារៀន ដែលមានយោធារាប់រយនាក់ កំពុងហ្វឹកហ្វឺននោះ ធ្វើជាគោលដៅនៃការវាយប្រហារ។
គួរបញ្ជាក់ថា មូលដ្ឋានយោធាដែលបាន ទទួលរងការវាយប្រហារនោះ គឺជាកន្លែងដែលកងកម្លាំង គាំទ្ររដ្ឋាភិបាលយ៉េមែន ឈរជើងនឹងត្រៀមបញ្ជូន ទៅកាន់តំបន់ក្បែរព្រំដែន ជាមួយ ប្រទេស អារ៉ាប៊ី សាអូឌីត។ រហូតមកដល់ពេលនេះ មនុស្សស្លាប់បានកើនឡើងដល់ ៦៥នាក់ និងរបួសជាង ៥០នាក់ទៀត បន្ទាប់ពីការវាយប្រហារ ដោយគ្រាប់បែកកាលពីថ្ងៃអាទិត្យ។
ជុំវិញបញ្ហានេះ មន្ត្រីរដ្ឋាភិបាលយ៉េមែន មួយរូបបានប្រាប់ស៊ិនហួរថា រដ្ឋាភិបាលកំពុងធ្វើការ ហ្វឹកហ្វឺនយោធាសរុប ៥,០០០នាក់ ដែលជាកម្លាំងបានមកពី ខេត្តភាគខាងត្បូងដែលគ្រប់គ្រង ដោយរដ្ឋាភិបាល ដើម្បីចូលរួមជាមួយ កងកម្លាំងមកពី អារ៉ាប៊ី សាអូឌីត ក្នុងការប្រយុទ្ធប្រឆាំង ពួកឧទ្ទាម ស៊ីអ៊ីត ហួធី ដែលជាសម្ព័ន្ធមិត្ត ជាមួយនឹងពួក អាល់កាដា ឬ ISIS ក៏ថាបាន៕