(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា បានទទួលគ្រឿងឥស្សរិយយសខ្ពស់បំផុត ពីប្រទេសបារាំង។ ពិធីបំពាក់គ្រឿងឥស្សរិយយសខ្ពស់បំផុត ឡា ឡេស្យុង ដោនើរ ថ្នាក់អស្សឫទ្ធិ (La Légion d’honneur) ពីប្រទេសបារាំង បានធ្វើឡើងនៅរាត្រីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្ថានទូតបារាំងប្រចាំកម្ពុជា ក្រោមវត្ដមានលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា តំណាងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។

នៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសខាងលើ ក៏មានការចូលរួមពីក្រុមគ្រួសាររបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហសេវិក ដែលបម្រើការនៅក្រសួងសុខាភិបាល។

លោក ហ្សាក់ ប៉ឺឡេ បានថ្លែងថា «គ្រឿងឥស្សរិយយសដ៏ឧត្ដុង្គឧត្តមជាងគេបំផុតរបស់ប្រទេសបារាំង ដែលត្រូវបានបង្កើតឡើងដោយ ព្រះចៅ ណាប៉ូឡេអុង បូណាប៉ាត កាលពីឆ្នាំ១៨០២។ គ្រឿងឥស្សរិយយសនេះអាចប្រគល់ជូនជនបរទេស ដែលបានបំពេញការងារសម្រាប់ប្រទេសបារាំង ឬបានលើកស្ទួយបុព្វហេតុនានា ដែលប្រទេសបារាំងការពារ»។

ដូច្នេះក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីស្នាដៃរបស់លោករដ្ឋមន្ត្រី ឈាង រ៉ា ដែលបានរួមចំណែកលើកកម្ពស់ចំណងទាក់ទងដ៏ស្អិតរមួតរវាងប្រទេសបារាំង និងកម្ពុជា ក្នុងវិស័យសុខាភិបាល ជាពិសេសក្នុងវិស័យមន្ទីរពេទ្យ តាមរយៈតួនាទីប្រកបដោយការទទួលខុសត្រូវរបស់លោកសាស្ដ្រាចារ្យ នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស៍ មន្ទីរពេទ្យកាល់ម៉ែត ត្រូវបានជ្រើសរើសជាមន្ទីរពេទ្យបង្អែកថ្នាក់ជាតិ ដើម្បីទទួលជំនួយពីប្រទេសបារាំង លើការកសាងប្រព័ន្ធមន្ទីរពេទ្យឡើងវិញ។ លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានបំពេញការងារនៅមន្ទីរពេទ្យកាល់ម៉ែត រយៈពេលជាង២៥ឆ្នាំ ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០២៣ ដំបូងក្នុងនាមជាអគ្គនាយករង និងបន្ទាប់មកជាអគ្គនាយក។

លោក ហ្សាក់ ប៉ឺឡេ បានគូសបញ្ជាក់ថា «៣០ឆ្នាំក្រោយមក គោលដៅរបស់យើងត្រូវបានសម្រេចយ៉ាងពេញលេញ ហើយលោកសាស្ដ្រាចារ្យ ឈាង រ៉ា គឺជាតួអង្គដ៏សំខាន់ម្នាក់នៃជោគជ័យនេះ ដោយសារកិច្ចខិតខំប្រឹងប្រែង និងការបំពេញការងារមិនចេះនឿយហត់ប្រកបដោយវិជ្ជាជីវៈរបស់ឯកឧត្តម»។ លោកឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលកម្ពុជាសម្រេចបានក្នុងវិស័យសុខាភិបាលចាប់តាំងពីឆ្នាំ១៩៩៣ ដោយបានសង្កេតឃើញពីចំណេះដឹងជ្រៅជ្រះផ្នែកវេជ្ជសាស្ត្រ និងគ្រូពេទ្យប្រកបដោយបទពិសោធន៍ខ្ពស់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍បច្ចេកវិទ្យាទំនើបៗ។

ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលបានគាំទ្រយ៉ាងមោះមុត និងឥតងាករេដល់វិស័យសុខាភិបាលកម្ពុជា។ លោកសាស្ដ្រាចារ្យរដ្ឋមន្ត្រី ក៏បានរំលឹកផងដែរពីឥស្សរជនបារាំងជាច្រើនរូប ដែលបានប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំមកនេះ ជួយឲ្យវិស័យសុខាភិបាលនៅកម្ពុជាមានការរីកចម្រើន។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ថ្លែងបន្ដថា ការរីកចម្រើនដែលសម្រេចបាន គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួម ហើយវាក៏ជាមោទនភាពរួមផងដែរ។ ជាងនេះទៅទៀត លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក៏សង្ឃឹមជឿជាក់លើការជួយជ្រោមជ្រែងពីអ្នកជំនាញបារាំង ដើម្បីបន្តកិច្ចសហប្រតិបត្តិការសុខាភិបាលមួយដោយ «រលូន និងទំនុកចិត្ត»។

ប្រទេសបារាំងបានប្រឹងប្រែងយ៉ាងខ្លាំង ទាំងផ្នែកធនធានមនុស្ស បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការពង្រឹងវិស័យសុខាភិបាលសាកល ដើម្បីឆ្លើយតបគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។ បច្ចុប្បន្ន នៅកម្ពុជា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសបារាំងស្ដែងឡើងតាមរយៈការគាំទ្រដល់ការបណ្តុះបណ្តាលនិស្សិតពេទ្យ ដោយជាមធ្យមនិស្សិត៧០នាក់ ចេញទៅប្រទេសបារាំងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងជំនាញឯកទេសនៅតាមបណ្តាមន្ទីរ ពេទ្យបារាំង។ ក្រៅពីនេះ កិច្ចសហប្រតិបត្តិការត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌភាពជាដៃគូរវាងសាកលវិទ្យាល័យបារាំង និងសាកលវិទ្យាល័យកម្ពុជា និងតាមរយៈការដាក់អ្នកជំនាញបច្ចេកទេសអន្តរជាតិនៅតាមសា្ថប័នសុខាភិបាលសំខាន់ៗ។ ប្រទេសបារាំងក៏ចូលរួមយ៉ាងសកម្មផងដែរ ក្នុងការស្រាវជ្រាវផ្នែកសុខភាពសាធារណៈ ជាពិសេស តាមរយៈស្ថាប័នស្រាវជ្រាវបារាំង ក្នុងនោះមានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) វិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍ (IRD) ទីភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ ជំងឺថ្លើម និងជំងឺឆ្លងថ្មីៗ (ANRS/MIE) និងមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិស្រាវជ្រាវផ្នែកក្សេត្រសាស្ត្រសម្រាប់អភិវឌ្ឍន៍ (CIRAD)៕